​(វ៉ាស៊ីនតោន)៖ យោធាចិន និងសហរដ្ឋអាមេរិក​បានចាប់ផ្ដើមធ្វើ​សមយុទ្ធរួមគ្នា​ លើការជួយ​សង្រ្គោះ និងផ្ដល់ជំនួយ​មនុស្សធម៌ នៅពេលជួបគ្រោះ​មហន្តរាយ​ធម្មជាតិ។ សមយុទ្ធ​នេះធ្វើ
ឡើងនៅក្នុង​ទីក្រុង Portland នៃរដ្ឋ Oreg​on ស្ថិតនៅតំបន់​ឆ្នេរភាគខាងលិច​សហរដ្ឋអាមេរិក។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មា​ន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

យោងតាម ស៊ីនហួរ សមយុទ្ធមាន​អ្នកតំណាង ៣៥នាក់ មកពីប្រទេស​ទាំងពីរចូលរួម ដែលបានចាប់​ផ្ដើមពី​ថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែវិច្ឆិកា នឹងត្រូវប្រពឹ្រត្ត​ទៅនៅក្នុងទីក្រុង Portland នៃរដ្ឋ Oreg​on ដោយក្នុងនោះ​បីថ្ងៃដំបូង គឺផ្ដោតសំខាន់លើការ​ពិភាក្សា និងផ្លាស់ប្ដូរយោបល់​គ្នា​ទៅវិញ​ទៅមក រីឯ ០៤ថ្ងៃបន្ទាប់ គឺផ្ដោតសំខាន់​លើការធ្វើសកម្មភាព​ហ្វឹកហាត់ និងដឹកនាំការ ធ្វើសមយុទ្ធរួមគ្នា​ក្នុងការជួយ​សង្រ្គោះ ផ្ដល់ជំនួយ និងទប់ស្កាត់គ្រោះ​ទឹកជំនន់ រួមទាំងគ្រោះ​មហន្តរាយធម្មជាតិ​នានា។

គួរបញ្ជាក់ថា ចាប់តាំងកម្មវិធី​ចាប់ផ្ដើមធ្វើឡើង​ជាលើក​ដំបូង ក្នុងឆ្នាំ១៩៩៧ មនុស្សច្រើន​ជាង ៤០០នាក់ មកពីចិន និងសហរដ្ឋអាមេរិក​ បានចូលរួមនៅក្នុងសមយុទ្ធរបៀប​នេះ។ មិនតែ​ប៉ុណ្ណោះ ការពិភាក្សា​ផ្លាស់ប្ដូរយោបល់​គ្នា​ទៅវិញទៅមកចំនួន ១៣លើក ព្រមទាំង​ការធ្វើសមយុ​ទ្ធថ្នាក់ទីបញ្ជាការ​ចំនួន ០៥ និងការធ្វើ​សមយុទ្ធចូល​រួមដោយផ្ទាល់ចំនួន ០៥ ក៏ធ្លាប់​ត្រូវបានធ្វើឡើង​ផងដែរ ដែលនេះអាច​ជួយដល់យោធាចិន និងអាមេរិក ស្វែងយល់ និងរៀនសូត្រពីគ្នា​ទៅវិញទៅមក លើប្រតិបត្តិការ​ជួយសង្រ្គោះ និងផ្ដល់​ជំនួយ​មនុស្សធម៌៕