(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីត​ បានចង្អុល​មុខអ៊ីរ៉ង់ត្រង់ៗ​តែម្ដងថា ជាអ្នកទទួល​ខុសត្រូវលើ​មីស៊ីលផ្លោង​មួយគ្រាប់ ដែលត្រូវបានគេ​បាញ់ចេញពី​ទឹកដីយ៉េមែន ឆ្ពោះមកកាន់​ទីក្រុងរីយ៉ាដ ដោយថែមទាំងព្រមានដែរ​ថា វាអាចនឹងត្រូវបាន​ចាត់ទុកថា​ ជាសកម្មភាពបញ្ឆេះសង្រ្គាម។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Russian Today នៅរសៀលថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

នៅក្នុងសេចក្ដី​ថ្លែងការណ៍​ចេញផ្សាយដោយ ទីភ្នាក់ងារ​សារព័ត៌មាន Saudi Press Agency នៅ​ថ្ងៃចន្ទនេះ រដ្ឋាភិបាល​ទីក្រុងរីយ៉ាដ បានបន្ទោស​ទីក្រុង​តេហេរ៉ង់ថា គ្រោះថ្នាក់របៀប នេះនឹងមិន​កើតឡើង​ឡើយ បើអ៊ីរ៉ង់មិនគាំទ្រ​ពួកឧទ្ទាមហ៊ូទី​នៅក្នុងប្រទេស​យ៉េមែន។ សេចក្ដី​ថ្លែងការណ៍​ដដែល បានបញ្ជាក់​ដូច្នេះថា «តួនាទី​របស់​អ៊ីរ៉ង់ និងការបញ្ជា​ដោយផ្ទាល់លើ ពួកឧទ្ទាម​ហ៊ូទី គឺជាប្រភព​នៃបញ្ហា ហើយវា​បានបង្ហាញ​យ៉ាងច្បាស់​ ពីសកម្មភាព​ឈ្លានពាន​លើប្រទេស​ជិតខាង ព្រមទាំង​គំរាមកំហែង​ដល់សន្តិភាព ក៏ដូចជាសន្តិសុខ​នៅក្នុងតំបន់ និងពិភពលោក​ទំាងមូល... ទង្វើដែល​របបដឹកនាំ​អ៊ីរ៉ង់ កំពុងប្រព្រឹត្ត​ អាចនឹងត្រូវបាន​ចាត់ទុកថា ជាសកម្មភាព​សង្រ្គាម​ប្រឆាំងនឹង​អារ៉ាប៊ីសាអូឌីត»។ ជាងនេះ​ទៅទៀត ទីក្រុងរីយ៉ាដ បាន​ព្រមានទៀតថា នឹងចាត់​វិធានការ​ឆ្លើយតប​ទៅនឹង​អ៊ីរ៉ង់ នៅពេលវេលា​សាកសម​ណាមួយ។  

គួររំលឹកថា កាលពីថ្ងៃសៅរ៍ កងកម្លាំងទ័ពអាកាសអារ៉ាប៊ីសាអូឌីត​បានអះអាងថា ខ្លួនបានបាញ់​ទម្លាក់មីស៊ីលមួយគ្រាប់ ដែលត្រូវគេបាញ់​ចេញពី​ទឹកដីយ៉េមែន តម្រង់មកកាន់អាកាស យានដ្ឋាន King Khalid International Airport ស្ថិតនៅក្បែរ​ទីក្រុង​រីយ៉ាដ ក៏ប៉ុន្តែមិនមាន​សេចក្ដីរាយការណ៍​ពីជនរងគ្រោះ ឬការបំផ្លិចបំផ្លាញ​ឡើយ។ អារ៉ាប៊ីសាអូឌីត បានដឹកនាំ ក្រុមចំរុះអារ៉ាប់​មានជាង ១០ប្រទេស ធ្វើអន្តរាគមន៍​យោធា​ក្នុងប្រទេសយ៉េមែន កាលពី​ខែមីនា ឆ្នាំ២០១៥ ដើម្បីគាំទ្រ​រដ្ឋាភិបាលនៃ​លោកប្រធានាធិបតី Abdul Rabbu Mansour Hadi ប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទី មានអ៊ីរ៉ង់ជាខ្នងបង្អែក ដែលកំពុង​គ្រប់គ្រង​រដ្ឋធានីសាណាអា និងដែនដីមួយផ្នែកធំ​នៅភាគខាងជើង​នៃប្រទេស៕