(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានបង្គាប់ឲ្យ​គ្រប់ទង់ជាតិ​អាមេរិក​ទាំងអស់ មិនថានៅក្នុង ឬក្រៅប្រទេស​ឡើយ ​ត្រូវ​បង្ហូត​នៅត្រឹមពាក់​កណ្តាលដង រហូត​ដល់​​ថ្ងៃ​ទី០៩ ខែវិច្ឆិកា ដើម្បីគោរព​ដល់វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ទាំង ២៦នាក់ ក្នុងការបាញ់ប្រហារ​យ៉ាងរង្គាល​នៅរដ្ឋ​តិចសាស់​។​ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក ដូណាល់ ត្រាំ បានថ្លែងថា «ដើម្បីសម្តែង​ការគោរពដល់​ជនរងគ្រោះ នៃអំពើហិង្សា​ដ៏អាក្រក់ ដែលបានកើត​ឡើងកាល​ពី​ថ្ងៃទី០៥ ខែវិច្ឆិកា​នេះ រូបខ្ញុំក្នុង​នាមជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក សូមបញ្ជា​ឲ្យគ្រប់ទង់ជាតិ​អាមេរិក​ទាំងអស់ ត្រូវបង្ហូតនៅ​ត្រឹមពាក់​កណ្តាល ទាំងនៅ​សេតវិមាន​ផ្ទាល់ និងនៅលើរាល់​អគារ និងទីធ្លាសាធារណៈ នៅគ្រប់ទីតាំង​មូលដ្ឋានយោធា រួមទាំងស្ថានីយ៍​ក៏ដូចជានាវា​ទ័ពជើងទឹក នៅឯរដ្ឋធានី​វ៉ាស៊ីនតោន ក៏ដូច​ជានៅ​ទូទាំង​ប្រទេស និងដែនដី​នានារបស់​សហរដ្ឋអាមេរិក រហូតដល់​ពេលព្រះអាទិត្យ​លិច នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។ បន្ថែមពីនេះ ខ្ញុំ​ក៏​សូម​​បង្គាប់​​ឲ្យរាល់ទង់ជាតិ នៅតាម​ស្ថានទូត ស្ថានកុងស៊ុល ព្រមទាំងបន្ទាយ​យោធាជើង​គោក ជើងអាកាស និងជើងទឹក ​របស់អាមេរិក នៅ​​ក្រៅ​ប្រទេស ត្រូវ​​បង្ហូត​ត្រឹម​ពាក់កណ្តាល ក្នុងរយៈពេលដូចគ្នា​ផងដែរ។

គួរបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារ ដែលបានកើតឡើងនៅក្នុងព្រះវិហារមួយកន្លែង ស្ថិតក្នុង​សហគមន៍ Sutherland Springs នៃរដ្ឋតិចសាស់​​​នាថ្ងៃអាទិត្យ បានផ្តាច់យកជីវិត​មនុស្ស ២៦នាក់ រួមទាំងជនសង្ស័យ​ជាខ្មាន់កាំ​ភ្លើងផ្ទាល់។ ជនដៃដល់រូបនេះ ដែលត្រូវគេ​រាយការណ៍ថា មានឈ្មោះ ​Devin Patrick Kelley វ័យ ២៦ឆ្នាំ ជាអតីតមន្ត្រី​ទ័ពអាកាស និងធ្លាប់ជាប់​ពន្ធនាគារ​រយៈពេល ០១ឆ្នាំនោះ ត្រូវបាន​បាញ់សម្លាប់ បន្ទាប់ពីជននេះ​​បាន​គេច​ខ្លួនពី​កន្លែង​កើតហេតុ។ ទន្ទឹមនឹងនេះ​ទីភ្នាក់ងារស៊ើប​អង្កេត FBI បានគូសបញ្ជាក់ថា ពុំមានមូលហេតុ​ណាមួយ​ត្រូវបានរកឃើញ សម្រាប់​ចេត​នា​របស់ខ្មាន់កាំភ្លើង​នៅឡើយទេ៕