(ប៉េកាំង)៖ ការដាក់ឲ្យធ្វើតេស្ត​នាវាយក្សផលិតដោយផ្ទាល់ដៃ ដែលមាន​រហស្សនាមថា «អ្នកកសាងកោះសិប្បនិម្មិត ដ៏ខ្លាំងជាងគេ​បំផុត​​ប្រចាំ​អាស៊ី» របស់​ទីក្រុង​ប៉េកាំងនោះ អាចនឹងបង្ក​ក្តីព្រួយបារម្ភកាន់​តែខ្លាំងថែមទៀត ចំពោះប្រទេសជិតខាងរបស់ចិន ក៏ប៉ុន្តែភ្លាមៗ​នេះដែរ អ្នកវិភាគចិន​បាន​អះ​អាង​ថា ​​នា​វា​ដ៏​ធំ​មហិ​មា​នេះ នឹងមិនត្រូវយក​ទៅប្រើប្រាស់ ដើម្បីបង្កើន​សកម្មភាពសាងសង់​កោះរបស់ខ្លួន នៅក្នុងសមុទ្រ​ចិនខាងត្បូង ដែល​មាន​បញ្ហា​វិវាទនោះ​​ឡើយ។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយសារព័ត៌មាន South China Morning Post នៅ​រសៀលថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

កាលពីចុង​សប្តាហ៍មុននេះ ចិនបានអបអរសាទរ​ជោគជ័យខាងវិស័យ​ផ្លូវទឹកថ្មី​មួយទៀត នៅពេលដែល​នាវាបូមខ្សាច់​ដ៏ធំសម្បើម និង​ផលិត​ដោយ​​ផ្ទាល់ដៃ​​របស់​ខ្លួន បានចាប់ផ្តើម​ដំណើរការ​សាកល្បង។ នាវាឈ្មោះ Tian Kun Hao មានបណ្តោយ​ប្រវែង ១៤០ម៉ែត្រ និងទទឹង ២៨ម៉ែត្រ ដែលបាន​ចុះ​ទឹក​ជាលើកដំបូង នៅក្រុង Qidong ក្នុងខេត្ត Jiangsu ភាគខាងកើតប្រទេស ត្រូវបានបណ្តាញ​សារព័ត៌មាន​ចិន​រៀបរាប់ថា វាជានាវា​សម្រាប់​​​កសាង​​កោះ​​ដ៏ខ្លាំង​ជាងគេ​បំផុតរបស់​អាស៊ី។

ដោយមើលទៅលើ​សកម្មភាព សាងសង់​កោះសិប្បនិម្មិតរបស់ទីក្រុងប៉េកាំង នាពេល​កន្លងមក នៅក្នុងតំបន់​សមុទ្រចិន​ខាងត្បូង រហស្ស​នាម​បែប​នេះ អាចបង្កជាក្តី​ព្រួយបារម្ភ​បានយ៉ាងងាយ ក្នុងចំណោមបណ្តា​អ្នកជិតខាង​ឯទៀតៗ នៅក្នុងតំបន់ ជាពិសេស​នោះ ស្របពេល​ដែលនាវា​ថ្មីនេះ នឹងត្រូវ​​ប្រើ​ប្រាស់​ជំនួសឲ្យ​នាវា Tian Jing Hao ដែលធ្លាប់ត្រូវ​បានប្រើប្រាស់​យ៉ាង​ទូលំទូលាយ សម្រាប់គោលបំណង​បែបនេះ ក្នុងនាម​ជានាវាបូមខ្សាច់​ធំ​​ជាងគេបង្អស់​នៅអាស៊ី។

យ៉ាងណាមិញ អ្នកវិភាគយោធា​មួយរូបឈ្មោះ Li Jie នៅឯទីក្រុង​ប៉េកាំង បានចេញមុខ​បន្ធូរបន្ថយក្តីព្រួយ​បារម្ភនានា ដែលអាចនឹងកើត​មានឡើង​បានថា «ចិននឹងគោរព​ប្រតិបត្តិតាម​ក្រមប្រតិបត្តិ​សមុទ្រចិន​ខាងត្បូង ហើយនឹងមិនប្រើប្រាស់​នាវានេះ ដើម្បីពង្រីក​វិសាលភាពកោះសិប្ប​និម្មិតរបស់​ខ្លួន នៅដែនសមុទ្រ​មានជម្លោះ​នេះឡើយ»។

គួរបញ្ជាក់ថា ជាមួយផ្ទៃនាវា​មានទំហំស្មើ​នឹងទីលានបាល់​បោះ​លក្ខណៈស្តង់ដា​ ដល់ទៅចំនួន ០៩នោះ នាវា Tian Kun Hao មានសមត្ថភាព​ធ្វើការ​បូម​ខ្សាច់​បាន ៦,០០០ម៉ែត្រគូប ក្នុងរយៈពេល​មួយម៉ោង និងអាចជីកបាន​ជម្រៅជ្រៅដល់ ៣៥ម៉ែត្រ ក្រោមបាតសមុទ្រ។ ក្រៅពីនេះ វាក៏មានប្រព័ន្ធ​​ចល័ត​ខ្លួនដ៏ទំនើប ព្រមទាំងប្រព័ន្ធ​ប្រតិបត្តិការដោយ​ស្វ័យប្រវត្តិ ដោយមិនចាំបាច់មាន​មនុស្សគ្រប់គ្រង​នៅលើនោះផងដែរ។ នាវា Tian Kun Hao ត្រូវ​គេ​​រំពឹង​ថា នឹងហើយរួចរាល់ ដើម្បីដំណើរការ​ជាផ្លូវការ​ពេញលេញ នៅរដូវក្តៅឆ្នាំ​ក្រោយនេះ៕