(ឡុងដ៍)​៖ ទឹកប្រាក់រាប់​លានផោនមាន​ប្រភពមកពី ស្ថាប័នអចលនទ្រព្យ​​ឯកជន របស់ម្ចាស់ក្សត្រីយ៍​ចក្រភព​អង់គ្លេស Elizabeth II ត្រូវបាន​បណ្តាក់​ទុនវិនិយោគ នៅឯក្រៅប្រទេស​ ដែលមានការយកពន្ធ​ក្នុងកម្រិតទាប។ នេះបើតាម​ឯកសារ​ហិរញ្ញវត្ថុដ៏ធំថ្មីមួយ ដែលទើបបែក​ធ្លាយនាពេល​ថ្មីៗ​នេះ ដកស្រង់​ដោយ​សារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

យោងតាម​ឯកសារ​ខាងលើ​ថវិកាប្រហែល ១០លានផោន ឬស្មើនឹងជាង ១៣លានដុល្លារអាមេរិក នៃមូលធនឯកជន​របស់ម្ចាស់ក្សត្រីយ៍​អង់គ្លេស ត្រូវបាន​វិនិយោគ​ទៅក្នុងមូលធិនិ នៅឯតំបន់​ដីកោះ Cayman Island នៅលើសមុទ្រ​ការីបៀន និង Bermuda នៅលើមហាសមុទ្រ​អាត្លង់ទិក ដែល​តំបន់ទាំង​ពីរនេះ គឺស្ថិតក្រោមការគ្រប់គ្រង​របស់ចក្រភព​អង់គ្លេស។

បន្ទាប់មកទៀត​ថវិកាទាំងអស់នេះ ត្រូវបានមូលនិធិ​ខាងលើ យកទៅបណ្តាក់ទុន​វិនិយោគបន្ត នៅក្នុងមុខជំនួញ​ជាច្រើន រួមមានទាំង​ក្រុមហ៊ុនលក់រាយ ដែលចោមរោម​ដោយរឿងអាស្រូវ​ដ៏ចម្រូងចម្រាស BrightHouse ដែលរង​ការចោទប្រកាន់ ពីបទកេងប្រវ័ញ្ច​លើជនទីទាល់ក្រ ព្រម​ទាំង​បណ្តាញ​​ហាង​លក់​គ្រឿង​​ស្រវឹង​​មួយ​ បានក្ស័យ​ធននាពេល​បន្ទាប់។

ការវិនិយោគ​ដែលស្របច្បាប់​ទាំងស្រុងនេះ ត្រូវបានធ្វើឡើង​តាមរយៈស្ថាប័ន Duchy of Lancaster ដែលជាអ្នកផ្តល់ប្រាក់​ចំណូលដល់​ម្ចាស់​ក្សត្រីយ៍ Elizabeth II និងទទួលខុសត្រូវ​ចំពោះ​ការវិនិយោគ​នានា នៃអចលនាទ្រព្យ​ដ៏ធំធេងរបស់ម្ចាស់ក្សត្រីយ៍​អង់គ្លេស។ ម៉្យាងវិញទៀត ពុំមាន​ការលើក​ឡើងណាមួយ​ដែលថា ស្ថាប័នអចលនទ្រព្យរបស់​ម្ចាស់ក្សត្រីយ៍ បានប្រព្រឹត្ត​ផ្ទុយនឹងច្បាប់ ឬក៏មិនបានបង់ពន្ធ​តាមការកំណត់​​នោះដែរ។

ក៏ប៉ុន្តែការលេចធ្លាយ​ព័ត៌មាននេះ ប្រហែលអាច​បង្កជាសំណួរ​ជុំវិញបញ្ហាថា តើវាជារឿង​ត្រឹមត្រូវដែរ ឬយ៉ាងណា​សម្រាប់ប្រមុខ​រដ្ឋអង់គ្លេស ដែលធ្វើការ​វិនិ​យោគ នៅតំបន់ឯនាយសមុទ្រ​ ដែលមានការយកពន្ធ​ក្នុងកម្រិតទាបបែបនេះ។

គួរបញ្ជាក់ថា កំណត់ហេតុ​នៃការវិនិយោគ​ទាំងនេះ បានលេចឡើង​នៅក្នុងឯកសារបែកធ្លាយ​ទ្រង់ទ្រាយ​ធំមួយ មានឈ្មោះថា Paradise Papers របស់សមាគម​អ្នកកាសែតស៊ើប​អង្កេតអន្តរជាតិ ICIJ ដែលមានមូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក និងជាអ្នកស្ថិត​នៅពីក្រោយ​ការបញ្ចេញ​ឯកសារ Panama Papers កាលពី​ឆ្នាំ២០១៥៕