(​រីយ៉ាត)៖​ ព្រះអង្គម្ចាស់​អារ៉ាប៊ីសាអូឌីតមួយអង្គ បានសោយ​ទិវង្គត​នៅក្នុងហេតុការណ៍​ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅក្បែរតំបន់ជាប់ព្រំដែន​ជាមួយប្រទេស​យ៉េមែន ស្របពេលដែលស្ថានការណ៍ក្នុងតំបន់ កំពុងក្តៅគគុកខ្លាំង។ នេះបើតាម​ស្ថានីយ៍​ទូរទស្សន៍រដ្ឋ អារ៉ាប់ដកស្រង់ដោយ​សារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

យោងតាមស្ថានីយ៍ទូ​រទស្សន៍រដ្ឋអារ៉ាប៊ីសាអូឌីត Al-Ikhbariya ព្រះអង្គ​ម្ចាស់ Mansour bin Muqrin ជាអភិបាលរង​នៃខេត្ត Asir បានធ្វើដំណើរជា​មួយមន្ត្រីជាច្រើននាក់​នៅពេល ឧទ្ធម្ភាគចក្រ​ធ្លាក់កាលពី​ថ្ងៃអាទិត្យ។ ចំណែកឯ​មូលហេតុ​នៃឧប្បដិហេតុនេះ មិនទាន់ត្រូវគេបញ្ជាក់នៅ​ឡើយទេ ក៏ប៉ុន្តែវាបានកើតឡើង នៅចំពេល​ព្រះរាជាទាយាទ​ព្រះអង្គម្ចាស់ Mohammed bin Salman បានដឹកនាំយុទ្ធនាការ​ប្រឆាំងអំពើពុករលួយ ដោយចាប់ខ្លួនព្រះអង្គម្ចាស់ ១១អង្គ និងរដ្ឋមន្ត្រី ០៤រូប កាលពីចុង​សប្ដាហ៍​កន្លងទៅ ហើយដែល​ប្រតិបត្តិការ នេះត្រូវបានគេមើលឃើញ​ថា គឺជាយុទ្ធនាការពង្រឹង​អំណាចនៃ​គ្រួសាររាជវង្ស Salman។

គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ Mansour bin Muqrin ដែលបានសោយ​ទិវង្គតនៅក្នុងគ្រោះ​ថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ ​គឺជាបុត្រានៃ​អតីតទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Muqrin bin Abdul Aziz។ ព្រះអង្គម្ចាស់ Muqrin នេះឯងត្រូវបានស្ដេច Salman ដកដំណែង​កាលពីឆ្នាំ២០១៥ ប្រគល់ឱ្យ​ព្រះអង្គម្ចាស់ Muhammad bin Nayef ដែលត្រូវបាន​ដកតំណែងបន្តប្រគល់ឱ្យរាជ​ទាយាទ​បច្ចុប្បន្ន​ព្រះអង្គម្ចាស់ Mohammad bin Salman កាលពី​ខែមិថុនា ឆ្នាំ២០១៧៕