(អាមេរិក)៖ ខ្មាន់កាំភ្លើង​ដែលបានបើក​ការបាញ់ប្រហារ បង្កឲ្យមនុស្សស្លាប់ ២៦នាក់ និង ២០នាក់រងរបួសនោះ នៅឯព្រះវិហារសាសនាគ្រិស្តមានឈ្មោះថា First Baptist ក្នុង​សហគមន៍ Sutherland Springs នៃរដ្ឋតិចសាស់​ សហរដ្ឋអាមេរិកនោះ ធ្លាប់បានបម្រើការ​នៅក្នុងជួរកង​ទ័ពអាកាស ហើយត្រូវបាន​បញ្ឈប់ពីការ​ងារវិញដោយសារតែមានសីលធម៌​មិនល្អ។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន CNN នៅព្រឹក​ថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

ជនដៃដល់​ខាងលើត្រូវគេរាយការណ៍​ថា មានឈ្មោះ Devin Patrick Kelley វ័យ ២៦ឆ្នាំ ហើយក្រោយ​ពេលកើត​ហេតុ ជនរូបនេះត្រូវ​​បាន​គេ​រក​ឃើញ​ថា ​ស្លាប់បន្ទាប់ពីមាន​ការបើករថយន្ត​ប្រដេញពី​សំណាក់ កងកម្លាំងប៉ូលិស​អស់មួយ​រយៈពេលខ្លី។ យោងតាមអ្នក​នាំពាក្យកងទ័ព​អាកាស​​អាមេរិក កាល​ពី​ឆ្នាំ២០១២ លោក Kelly ត្រូវ​បាន​​​តុលា​​ការ​​​យោ​ធា កាត់​ទោសពី​បទប្រព្រឹត្ត​អំពើហិង្សា​​ទៅលើប្រពន្ធ និងកូនរបស់លោក។

ក្រោយមកនៅឆ្នាំ២០១៤ អតីតមន្រ្តីយោធា​រូបនេះ ត្រូវបានបញ្ឈប់ពីការងារ និងត្រូវបានឃុំខ្លួន​អស់រយៈពេល ១២ខែ ហើយត្រូវបានទម្លាក់តំណែងថែម​ទៀត​ផង។

គួរបញ្ជាក់ថា ទង្វើដ៏ព្រៃផ្សៃ​របស់បុគ្គល Kelly ដែលបានបាញ់រះ​ទៅលើហ្វូងមនុស្ស ដែលស្ថិតនៅក្នុង​ព្រះវិហារ First Baptist នៃរដ្ឋតិចសាស់ បាន​ផ្តាច់ជីវិត​មនុស្ស ២៦នាក់ និងបណ្តាលឲ្យ​របួស ២០នាក់ផ្សេងទៀត។ ម៉្យាងវិញទៀត បើតាមអាជ្ញាធរ​អាមេរិក អាវុធដែលជនដៃ​ដល់រូបនេះ បានប្រើប្រាស់​ដើម្បីធ្វើ​សកម្មភាព គឺប្រភេទកាំភ្លើង​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ធុន AR-15 ជាប្រភេទ​កាំភ្លើងរះ​ដូចគ្នា ដែលត្រូវបានប្រើប្រាស់​ ក្នុង​ករណីបាញ់​ប្រហារ​យ៉ាងសាហាវៗជាច្រើន នៅសហរដ្ឋអាមេរិក រួមមានករណី​នៅទីក្រុង Las Vegas, នៅសាលាបឋមសិក្សា Sandy Hook និងនៅក្លឹបកម្សាន្ត​​រាត្រីនៃទីក្រុង Orlando ជាដើម៕