(សេអ៊ូល)៖ កូរ៉េខាងត្បូង​នៅថ្ងៃចន្ទនេះ បានសម្រេចចិត្ត​ដាក់ទណ្ឌកម្ម​ឯតោភាគី លើជនជាតិ​កូរ៉េខាងជើង ១៨នាក់ ដោយហាមឃាត់​ពួកគេក្នុងការ​ធ្វើកិច្ចសហប្រតិបត្តិការ​ហិរញ្ញវត្ថុ ជាមួយប្រជាជន​កូរ៉េខាងត្បូង ដែលនេះគឺជា​ផ្នែកមួយនៃកិច្ច​ខិតខំប្រឹងប្រែង​អន្តរជាតិ ទប់ស្កាត់លំហូរ​ហិរញ្ញវត្ថុ​ខុសច្បាប់របស់​ទីក្រុង​ព្យុងយ៉ាង។ នេះបើតាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារ​សារព័ត៌មាន​​ យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

ការសម្រេចចិត្ត​ដាក់ទណ្ឌកម្មនេះ​ ធ្វើឡើងតែមួយ​ថ្ងៃប៉ុណ្ណោះ មុននឹង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បំពេញដំណើរ​ទស្សនកិច្ចមក​កាន់កូរ៉េខាងត្បូង ជាទីដែល​លោកត្រូវ បានគេរំពឹងថា នឹងធ្វើការបេ្ដជ្ញាចិត្ត​ការពារទីក្រុង​សេអ៊ូល ប្រឈមមុខនឹង​កូរ៉េខាងជើង។

ជុំវិញទណ្ឌកម្ម​នេះដែរ ថ្លែងក្នុងលក្ខខណ្ឌ​មិនបញ្ចេញឈ្មោះ មន្ត្រីកូរ៉េខាងត្បូង​ម្នាក់បានបញ្ជាក់ ថាជនជាតិកូរ៉េខាងជើង​ទាំង ១៨នាក់ ខាងលើដែលបាន​ជាប់ទណ្ឌកម្ម UN​ ហើយនោះ គឺមានទំនាក់ទំនង​ដោយផ្ទាល់ជាមួយប​ណ្ដាធនាគារ​កូរ៉េខាងជើង ជាពិសេសទាក់ទិន​នឹងកម្មវិធី អភិវឌ្ឍន៍នុយក្លេអ៊ែ និងមីស៊ីលរបស់របបដឹកនាំ លោក គីម ជុងអ៊ុន។ ដូច្នេះហើយទើប​ទីក្រុងសេអ៊ូល សម្រេចបញ្ចូល​ពួកគេនៅក្នុង​បញ្ជីខ្មៅ តាមរយៈការ​ហាមឃាត់ពួកគេ​ក្នុងការ ធ្វើកិច្ចសហប្រតិបត្តិការ​ហិរញ្ញវត្ថុ ជាមួយរាល់​ប្រជាជន​កូរ៉េខាងត្បូង។

គួរបញ្ជាក់ថា ប្រជាជនកូរ៉េខាង​ជើងជាប់ក្នុងបញ្ជីខ្មៅ​ទាំង ១៨នាក់ ខាងលើ​មានឈ្មោះ​ដូចជា Kang Min, Ko Chol Man, Ku Ja Hyong, Kim Kyong Il, Kim Tong Chol, Kim Sang Ho, Kim Jong Man, Kim Hyok Chol, Ri Un Song, Ri Chun Song, Ri Chun Hwan, Mun Kyong Hwan, Park Mun Il, Pak Bong Nam, Pang Su Nam, Pae Won Uk, Chu Hyok និង Choe Sok Min។ មួយវិញទៀត ១៤នាក់ក្នុងចំណោមអ្នក​ទាំងនេះ កំពុងរស់នៅ​ប្រទេសចិន ០២នាក់នៅលីប៊ី និង០២នាក់​ទៀតនៅរុស្ស៊ី៕