(ព្រុចសែល)៖ ចៅក្រមស៊ើបសួរ​ប្រទេសប៊ែលហ្សិក បានសម្រេច​ដោះលែងអតីតមេដឹកនាំ​កាតាឡាន លោក ខាឡែស ភីកដឺម៉ុន (Carles Puigdemont) ព្រមទាំងមនុស្ស​​ជំនិត ០៤នាក់ទៀត ដែលជាអតីត​សមាជិកក្នុង​គណៈរដ្ឋមន្រ្តី​របស់លោក ដោយមានលក្ខខណ្ឌ​មួយចំនួន។ នេះបើតាម​ការចេញផ្សាយ​ដោយ ​ទីភ្នាក់​ងារ​ព័ត៌​មាន​​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

បើតាម​លោក ផូល ប៊ែឃឺត (Paul Bekaert) មេធាវីជនជាតិ​ប៊ែលហ្សិក​របស់លោក Puigdemont បុគ្គលទាំង ០៥រូប ខាងលើនេះ​ពុំអាចចាកចេញពី​ទឹកដី​ប្រទេស​ប៊ែល​ហ្សិក ដោយគ្មានការ​អនុញ្ញាតយល់ព្រម​ ពីសំណាក់ចៅក្រម​ស៊ើបសួរឡើយ ហើយត្រូវស្នាក់​នៅក្នុង​អាស័យដ្ឋាន ដែលត្រូវបានកំណត់​ជាក់លាក់ ឥតមានការ​ផ្លាស់ប្តូរប្រែប្រួល និងត្រូវចូលបង្ហាញ​ខ្លួនដោយផ្ទាល់ តបតាមនីតិ​វិធីនានា ឬក៏ការកោះហៅ​ពីសំណាក់អាជ្ញាធរ​យុត្តិធម៌ ក៏ដូចជាប៉ូលិស​ប៊ែលហ្សិក។

គួរបញ្ជាក់ថា លោក Carles Puigdemont និងអតីតមន្រ្តី ០៤រូប នៃ​គណៈរដ្ឋមន្រ្តី​របស់លោក ត្រូវបានចោទប្រកាន់​ដោយរដ្ឋាភិបាល​អេស៉្បាញ ដូចទៅ​នឹងមន្រ្តីរដ្ឋាភិបាល​តំបន់ Catalonia ចំនួន ០៨រូប ផ្សេងទៀតដែរ ពីបទបង្កចលនា​បះបោរ និងការកេងបន្លំមូល​និធិសាធារណៈ បន្ទាប់ពីមាន​ការប្រកាសឯក​រាជ្យ​ជាឯកតោភាគី​នៅតំបន់ស្វយ័តនេះ កាលពី​ថ្ងៃទី២៧ ខែតុលា​កន្លងទៅ។

គួរបញ្ជាក់ថា បុគ្គលទាំង ០៥រូប ខាងលើ ក៏បានធ្វើដំណើរ​មកដល់ទីក្រុង​ព្រុចសែល នៅប៉ុន្មានថ្ងៃ​ក្រោយ ហើយលោក Puigdemont បានថ្លែងក្នុង​សន្និ​សីទ​សារព័ត៌មានមួយថា លោកពុំបានព្យាយាម​ដើម្បីស្វែងរកសុំ សិទ្ធិជ្រកកោណ​ផ្នែកនយោបាយ នៅប្រទេសប៊ែលហ្សិក​ឡើយ។ លោក Puigdemont បានប្រគល់ខ្លួនឲ្យសមត្ថកិច្ច​ប៊ែលហ្សិកកាលពី​ថ្ងៃអាទិត្យ ហើយលោកក៏បានអះអាងដែរថា លោកនឹងត្រឡប់ទៅអេស្ប៉ាញ​វិញ លុះត្រាតែមានការធានាថា រឿងក្តីរបស់លោក នឹងត្រូវដោះស្រាយ​ដោយុត្តិធម៌៕