(តិចសាស់)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានចូលរួមសម្ដែង​សមានទុក្ខដល់ជនរងគ្រោះ នៅក្នុងការបាញ់ប្រហារ​ដ៏រង្គាល​នៅឯវិហារសាសនា​គ្រិស្ដមួយ​កន្លែង ក្នុងរដ្ឋ​តិចសាស់ ដែលបាន​ផ្ដាច់យក​អាយុជីវិត​មនុស្ស ២៦នាក់ និង ២០នាក់ ផ្សេងទៀត​បាន​រងរបួស។ នេះបើតាម​ការចេញ​ផ្សាយដោយ​ ទីភ្នាក់ងារ​សារព័ត៌មាន ​Reuters នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

ថ្លែងនៅលើ​បណ្ដាញ Twitter ខណៈបំពេញ​ដំណើរទស្សនកិច្ចក្នុង​ប្រទេស​ជប៉ុន លោក ដូណាល់ ត្រាំ បាននិយាយថា លោកកំពុង​តាមដានការវិវត្តន៍​ស្ថានការណ៍ នៃករណីបាញ់ ប្រហារនេះ​យ៉ាងយកចិត្ត​ទុកដាក់។ លោក ត្រាំ បានបន្ថែម​ដូច្នេះថា «ទង្វើបិសាចបាន​កើតឡើងចំពេល​ជនរងគ្រោះ និងគ្រួសាររបស់​ពួកគេ​ស្ថិតនៅក្នុងទីគោរពបូជា​ដ៏ពិសិដ្ឋរបស់ ពួកគេ... សង្ឃឹមថា ព្រះជាម្ចាស់​នឹងនៅជាមួយ​ប្រជាជន​នៃតំបន់ Sutherland Springs នៃរដ្ឋ​តិចសាស់ ខណៈ FBI និងអាជ្ញាធរ​អនុវត្តន៍ច្បាប់ កំពុងស្ថិតនៅកន្លែងកើតហេតុ​ហើយខ្ញុំ កំពុងតាមដាន​ការវិវត្តន៍ស្ថានភាព​ពី​ប្រទេសជប៉ុន... តែយ៉ាងណា​ក៏ដោយ​ តាមរយៈ​ទឹកភ្នែក និងទុក្ខសោក​នេះ យើងនឹង​កាន់តែរឹងមំាឡើង»

គួរបញ្ជាក់ថា បើតាមក្រុម​មន្ត្រីអាមេរិក​ហេតុការណ៍​បាញ់​ប្រហារ​ខាងលើ បានកើតឡើង​នៅវិហារ​គ្រិស្ដ First Baptist ស្ថិតនៅ​ក្នុងទីក្រុង Sutherland Springs នៃតំបន់ Wilson ក្នុងរដ្ឋតិចសាស់ នៅពេលបុរស​ជាខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់រះ​ទៅលើហ្វូង​មនុស្ស នៅម៉ោងប្រមាណ ១១៖៣០នាទីព្រឹក (ម៉ោងនៅ​ក្នុងតំបន់) កាលពី​ថ្ងៃអាទិត្យ។ ប៉ុន្តែ​ទន្ទឹមគ្នាសារព័ត៌មាននៅក្នុង​ស្រុក ក៏បាន​រាយការណ៍​ដែរថា បុរសជាខ្មាន់កាំភ្លើង​មាន​អាយុ ២៦ឆ្នាំ មាន​ឈ្មោះថា Devin P Kelley និងត្រូវបានបាញ់​សម្លាប់​នៅអំឡុង​ពេលប៉ះ ទង្គិចគ្នា​ជាមួយប៉ូលិស​ ដែលមិនទាន់​ទទួលស្គាល់​សេចក្ដីរាយការណ៍​នេះនៅ​ឡើយទេ៕