(ហាណូយ)៖ ព្យុះទីហ្វុងដ៏កំណាចមួយ​ដែលមានឈ្មោះថា ដំរី បានវាយប្រហារភាគកណ្តាល​ប្រទេសវៀតណាម និងផ្តាច់យកជីវិតមនុស្សមកទល់នឹងពេលនេះ កើនឡើងដល់ ២៩នាក់ហើយ ខណៈមនុស្ស ២៩នាក់ទៀត នៅក្នុងខេត្ត Khanh Hoa, Phu Yen, Dak Lak និង Binh Dinh ត្រូវបានគេរាយការណ៍ថា កំពុងបាត់ខ្លួន។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អាជ្ញាធរវៀតណាម បានឲ្យដឹងនៅចន្ទនេះទៀតថា ក្រៅពីមនុស្សស្លាប់ និងបាត់ខ្លួន​ជាច្រើននាក់ នៅក្នុងខេត្ត​ភាគកណ្តាល​ទាំងបួនខាងលើនេះ នាវាដឹកទំនិញតូច-ធំ និងទូកនេសាទ​ប្រមាណ ២៣០គ្រឿង ក៏ត្រូវបានព្យុះដំរី​​មួយនេះ​​ បោកពន្លិចទៅក្នុងសមុទ្រ​ដោយរលកធំៗ និងខ្យល់បោកបក់ខ្លាំងក្លា​ផងដែរ។ នេះបើតាមការអះអាងពីរដ្ឋមន្ត្រី​ក្រសួង កសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen Xuan Cuong។

សម្រាប់ការខូចខាត​ផ្សេងៗទៀតនោះ គឺផលដំណាំ ៣០,០០០ហិកតា ត្រូវបានលិចលង់​ទៅក្នុងជំនន់ទឹកភ្លៀង​យ៉ាងគំហុក ខណៈផ្ទះ ១,០០០ខ្នង បានដួលរលំទាំងស្រុង, ៤៣,០០០ខ្នងទៀតរបើកដំបូល ឬរងការបំផ្លាញ និងប្រជាជន ៣៣,០០០នាក់ ត្រូវបានជម្លៀស។

គួរបញ្ជាក់ថា ព្យុះខាងលើនេះ បានកើតមានឡើង​យ៉ាងទាន់ហន់ នៅអំឡុងពេលប្រទេស​វៀតណាម​ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ​ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុង Da Nang ភាគកណ្តាលប្រទេស ចាប់ពីថ្ងៃទី០៦ ដល់ទី១១ ខែវិច្ឆិកា សប្តាហ៍នេះ ហើយក៏មុនដំណើរ​មកដល់​របស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ផងដែរ។ សម្រាប់តំបន់ដែល​កំពុងទទួល​រងគ្រោះ​ធ្ងន់ជាងគេនោះ គឺស្ថិតនៅភាគ​កណ្តាលប្រទេស៕