(តិចសាស់)៖ អាជ្ញាធរអាមេរិក បានឱ្យដឹងថាចំនួនអ្នកស្លាប់ នៅក្នុងការបាញ់ប្រហារដ៏រង្គាលនៅឯវិហារសាសនាគ្រឹស្ដមួយកន្លែង ក្នុងរដ្ឋតិចសាស់​ បានកើនឡើងដល់២៦នាក់ ខណៈ មនុស្សយ៉ាងហោចណាស់២០នាក់ផ្សេងទៀតបានរងរបួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ​ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

យោងតាមក្រុមមន្ត្រីអាមេរិក ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងនៅវិហារគ្រឹស្ដ First Baptist ស្ថិតនៅក្នុងទីក្រុង Sutherland Springs នៃតំបន់ Wilson ក្នុងរដ្ឋតិចសាស់ នៅពេលបុរសជាខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់រះទៅលើហ្វូងមនុស្ស នៅម៉ោងប្រមាណជា១១៖៣០នាទីព្រឹក (ម៉ោងនៅក្នុងតំបន់)។ ប៉ុន្តែទន្ទឹមគ្នា សារព័ត៌មាននៅក្នុងស្រុក ក៏បានរាយការណ៍ដែរថា បុរសជាខ្មាន់កាំភ្លើងមានអាយុ ២៦ឆ្នាំ មានឈ្មោះថា Devin P Kelley និងត្រូវបានបាញ់សម្លាប់នៅអំឡុងពេលប៉ះទង្គិចគ្នាជាមួយប៉ូលិស។

គួរបញ្ជាក់ថា អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បានចាត់ទុកថានេះគឺជាការបាញ់ប្រហារដ៏អាក្រក់បំផុត​ នៅក្នុងប្រវត្តិសាស្ត្រនៃរដ្ឋមួយនវ តែភ្លាមៗប៉ូលិសអាមេរិក មិនទាន់ បញ្ជាក់បានថាវាគឺការវាយប្រហារភេរវកម្ម ឬយ៉ាងណានោះទេ៕