(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បាននឹងកំពុងបំពេញទស្សនកិច្ចក្នុងតំបន់អាស៊ី ចាប់តាំងពីថ្ងៃទី០៣ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈដែលវិបត្តិកូរ៉េខាងជើងនៅតែបន្តមិនទាន់ស្ងប់ស្ងាត់នៅឡើយ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកបានសំចតនៅកោះហាវៃ បន្ទាប់មកបន្តដំណើរទៅកាន់ប្រាំប្រទេស ក្នុងតំបន់អាស៊ី ក្នុងនោះរួមមានប្រទេស ជប៉ុន កូរ៉េខាងត្បូង ចិន វៀតណាម និងហ្វីលីពីន។ ដែលនៅថ្ងៃទី០៥ ខែវិច្ឆិកានេះ លោកបាននឹងកំពុងមានវត្តមាននៅប្រទេសជប៉ុន។

ខាងក្រោមនេះជាព័ត៌មានលម្អិត និងរបៀបវារៈនៃដំណើរទស្សនកិច្ចរបស់លោក ដូណាល់ត្រាំ មកកាន់តំបន់អាស៊ី៖

១៖ ប្រទេស ជប៉ុន

* របៀបវារៈ៖ លោក ដូណាល់ ត្រាំ បានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ ដែលបានធ្វើជាអធិបតីក្នុងកិច្ចជំនួបរវាងលោក ត្រាំ ជាមួយសមាជិកគ្រួសារ ជនជាតិជប៉ុន ដែលត្រូវបានកូរ៉េខាងជើងចាប់ខ្លួន។ លោក ត្រាំ ក៏បានជួបជាមួយយោធាអាមេរិក និងជប៉ុននៅលើដែនដីនេះផងដែរ។

* អ្វីដែលជាការរំពឹងទុក៖ លោក អាបេ បច្ចុប្បន្នកំពុងធ្វើការវាស់ស្ទង់ ថាតើរដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ កំពុងមានគោលបំណងដូចគ្នានឹងប្រទេស ជប៉ុន ពាក់ព័ន្ធនឹងបញ្ហា ប្រទេសកូរ៉េខាងជើងដែរឬទេ ? ហើយថាតើសហរដ្ឋអាមេរិកនឹងប្តេជ្ញាចិត្តក្នុងការបន្តរក្សាសន្តិសុខក្នុងតំបន់ដែរឬទេ។ អ្វីដែលគួរកត់សម្គាល់ បន្ទាប់ពីការបោះឆ្នោតយ៉ាងឆាប់រហ័ស ក្នុងប្រទេសជប៉ុន លោក ត្រាំ និងលោក អាបេ ហាក់បង្ហាញភាពស៊ីសង្វាក់គ្នាក្នុងកិច្ចពិភាក្សា ស្តីពីតម្រូវការក្នុងការដាក់សម្ពាធបន្ថែមទៅលើប្រទេស កូរ៉េខាងជើង។

* ហេតុអ្វីបានជាជប៉ុន ជាគោលដៅនៃទស្សនកិច្ចរបស់អាមេរិក៖ ជប៉ុនធ្លាប់ជាប្រទេស សន្តិនិយម បន្ទាប់ពីសម័យសង្គ្រាមលោកលើកទីពីរ។ ប៉ុន្តែលោក អាបេ មានបំណងចង់កែប្រែរដ្ឋធម្មនុញ្ញ ដោយចង់បង្កើតយោធាការពារជាតិដោយខ្លួនឯង។ បំណងរបស់លោក ទទួលបានការគាំទ្រដោយសារការបន្តកើតមាន នៃវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង បើទោះបីកន្លងមកបំណងរបស់លោកត្រូវបានបដិសេធដោយសម្លេងពាក់កណ្តាលក្តី។ ទាក់ទិននឹងបញ្ហានេះ ប្រសិនបើអាមេរិកមានបំណងចង់ ដកខ្លួនចេញពីបញ្ហាជម្លោះនៅអាស៊ី នោះលោក អាបេ អាចនឹងបន្តជម្រុញគោលដៅរបស់លោកពាក់ព័ន្ធនឹងវិស័យការពារជាតិនេះ ទៅមុខជាបន្តទៀត។

២៖ ប្រទេស កូរ៉េខាងត្បូង

* របៀបវារៈ៖ ប្រធានាធិបតីរូបនេះ នឹងចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ជេអ៊ីន ព្រមទាំងជួបសួរសុខទុក្ខយោធាអាមេរិក និងកូរ៉េខាត្បូង។ លោកនឹងថ្លែងសន្ទរកថា នៅសភាជាតិកូរ៉េខាងត្បូង ដោយរំពឹងថា នឹងធ្វើការអបអរសាទរ ចំពោះសម្ព័ន្ធភាព និងចំណងមិត្តភាពដ៏ស្ថិតស្ថេររវាងប្រទេសទាំងពីរ ព្រមទាំងអំពាវនាវដល់សហគមន៍អន្តរជាតិ ដើម្បីដាក់សម្ពាធបន្ថែមទៅលើប្រទេស កូរ៉េខាងជើង។

* អ្វីដែលជាការរំពឹងទុកសម្រាប់ដំណើរទស្សនកិច្ច៖ មិនខុសពីប្រទេស ជប៉ុន ប្រទេស កូរ៉េខាងត្បូង ក៏កំពុងព្យាយាមទស្សន៍ទាយផងដែរថា តើអាមេរិកមានគោលបំណងដូចគ្នា នឹងកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងបញ្ហាកូរ៉េខាងជើង និងបញ្ហាក្នុងតំបន់ដែរឬទេ។ ជាការគួរឱ្យកត់សម្គាល់ លោក ត្រាំ បានបង្ហោះក្នុងប្រព័ន្ធទំនាក់ទំនងសង្គម Tweeter ថា ការបែកបាក់ សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ជាការផ្តល់ផលប្រយោន៍ជាយុទ្ធសាស្ត្រសម្រាប់ប្រទេសចិន និងកូរ៉េខាងជើង។

ជាងនេះទៅទៀតនោះ ប្រទេសកូរ៉េខាងត្បូង នាពេលថ្មីៗនេះ បានព្រមព្រៀងក្នុងការកែខៃទំនាក់ទំនងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដែលត្រូវបានគេឱ្យឈ្មោះថា KORUS បន្ទាប់ពីលោក ត្រាំ បានព្រមានថា នឹងដកខ្លួនចេញពីទំនាក់ទំនងពាណិជ្ជកម្មនេះតាំងពីដើមឆ្នាំ២០១៧មកម្ល៉េះ។

* ហេតុអ្វីបានជាកូរ៉េខាងត្បូង ជាគោលដៅនៃដំណើរទស្សនកិច្ច៖ តាមការចង្អុលបង្ហាញថា ប្រសិនបើសហរដ្ឋអាមេរិកដកខ្លួនចេញពីតំបន់អាស៊ីប៉ាស៊ីហ្វិក ជាការជម្រុញ កូរ៉េខាងត្បូង ឱ្យងាកទៅចងទំនាក់ទំនងកាន់តែជិតស្និតជាមួយចិន ដែលបច្ចុប្បន្នចិន ជាដៃគូពាណិជ្ជកម្មដ៏ធំរបស់កូរ៉េខាងត្បូងស្រាប់ផង។

៣៖ ប្រទេសចិន

* របៀបវារៈ៖ លោក ត្រាំ នឹងធ្វើកិច្ចជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ព្រមទាំងចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្ម និងវប្បធម៌ទ្វេភាគី។ ប្រធានាធិបតីរូបនេះ គ្រោងនឹងបង្កើនការយកចិត្តទុកដាក់ទៅលើទំនាក់ទំនងជំនួញ និងសេដ្ឋកិច្ចជាមួយចិនផងដែរ នេះបើយោងតាមមន្ត្រីអាមេរិកប្រាប់ភ្នាក់ងារសារព័ត៌មាន Bloomberg។

* អ្វីដែលជាការរំពឹងទុក៖ អ្នកវិភាគចិនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបញ្ហាកូរ៉េខាងជើង។ ប៉ុន្តែប្រហែលជាមាន សង្ឃឹមតិចប៉ុណ្ណោះថា នឹងមានអ្វីថ្មីអភិវឌ្ឍន៍ឡើង។ ចិនទំនងជាផ្តល់ការបន្ធូរបន្ថយដល់អាមេរិក ក្នុងការចូលមកកាន់ទីផ្សាររបស់ចិន ដែលកន្លងមកមិនងាយនឹងទទួលយកផ្នែក សម្ភារៈនិយម។ ភាគីទាំងពីរអាចនឹងព្រមព្រៀងគ្នាលើទំនាក់ទំនងពាណិជ្ជកម្ម និងជំនួញដើម្បីបន្តទៅមុខដូចធម្មតា។

* ហេតុអ្វីបានជាចិនជាគោលដៅនៃដំណើរទស្សនកិច្ច៖ របៀបវារៈស្តីពីផ្នែកពាណិជ្ជកម្ម និងវិបត្តិក្នុងប្រទេស កូរ៉េខាងជើង រវាងអាមេរិក និងចិន អាចនឹងមានភាពប្រទាក់ក្រឡាគ្នា ច្រើនជាងអ្វីដែលយើងបានគិត។ បើទោះបីជាលោក ត្រាំ តែងតែរិះគន់ វិស័យពាណិជ្ជកម្មចិន ម្តងហើយម្តងទៀតក្តី ព្រមទាំងធ្លាប់ហៅចិនថា ជាម្ចាស់ជើងឯងក្នុងការប្រើប្រាស់ ឧបាយកលផ្នែកប្រាក់កាក់ក្តី ប៉ុន្តែលោកក៏ធ្លាប់លុបចោលការដាក់ងារទៅលើប្រទេសចិន អំពីបញ្ហានេះផងដែរ។ ផ្ទុយទៅវិញទំនាក់ទំនងរវាងគូរសត្រូវទាំងពីរ ជាទំនាក់ទំនងដែល ខ្វះគ្នាមិនបាន ព្រោះជាការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។

៤៖ ប្រទេស វៀតណាម

* របៀបវារៈ៖ លោក ត្រាំ នឹងចូលរួមក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំ APEC។ លោកក៏នឹងថ្លែងសន្ទរកថា ក្នុងកិច្ចប្រជុំកំពូលនេះផងដែរ ដោយពេលនោះលោកនឹងបង្ហាញពីទស្សនវិស័យ របស់សហរដ្ឋអាមេរិក សម្រាប់ការបើកចំហក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងគូសបញ្ជាក់ពីសារៈសំខាន់នៃតួនាទីរបស់តំបន់នេះ ក្នុងវិបុលភាពសេដ្ឋកិច្ចរបស់អាមេរិក។ លោកនឹងធ្វើកិច្ចជំនួបជាមួយប្រធានាធិបតី Tran Dai Quang ផងដែរ។

* អ្វីដែលជាការរំពឹងទុក៖ ប្រទេស វៀតណាម កំពុងរង់ចាំសញ្ញានៃការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក លើបញ្ហាសន្តិសុខ និងទំនាក់ទំនងពាណិជ្ជកម្ម។ ដោយប្រទេស វៀតណាម ជាប្រទេសដែលមានភាពជោគជ័យខ្លាំងលើកិច្ចព្រមព្រៀង TPP ហេតុនេះ សេចក្តីសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ បង្កការជះឥទ្ធិពលខ្លាំងទៅ លើប្រទេសវៀតណាម។
* ហេតុអ្វីបានជាវៀតណាមជាគោលដៅទស្សនកិច្ច៖ ព្រោះសហរដ្ឋអាមេរិក ជាអ្នកប្រទេសនាំចូលទំនិញវៀតណាមធំជាងគេ។

៥៖ ប្រទេស ហ្វីលីពីន៖
* របៀបវារៈ៖ ប្រធានាធិបតីអាមេរិក នឹងធ្វើការអបអរសាទរខួបលើកទី៤០ឆ្នាំ នៃទំនាក់ទំនងអាមេរិក អាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាមេរិកអាស៊ាន ព្រមទាំងនឹងចូលរួមក្នុងកិច្ចជំនួបជាមួយប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធឺតេ ផងដែរ។

* អ្វីដែលជាការរំពឺងទុក៖ លោក ត្រាំ និងលោក ឌូធឺតេ មានទំនាក់ទំនងយ៉ាងកក់ក្តៅជាមួយគ្នា នេះបើយោងតាមការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាល។ លោក ដូណាល់ ត្រាំ ធ្លាប់បានសរសើរលោក ឌូធឺតេ ដែលបានបំពេញកិច្ចការអស្ចារ្យ ពាក់ព័ន្ធនឹងបញ្ហាថ្នាំញៀន។

* ហេតុអ្វីបានជាហ្វីលីពីន ជាគោលដៅទស្សនកិច្ច៖ តាមការវិភាគរបស់ការស្រាវជ្រាវ BMI បានពន្យល់ថា ប្រទេស ហ្វីលីពីន ជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិក ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយសារវាជាតំបន់យុទ្ធសាស្ត្រ នៅចន្លោះរវាងសមុទ្រចិនខាងត្បូង និងសមុទ្រប៉ាស៊ីហ្វិកខាងលិច ដែលទាំងពីរនេះសុទ្ធតែជាតំបន់ពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់។

ជាងនេះទៅទៀតនោះ ប្រទេស ហ្វីលីពីន ជាផ្នែកមួយដែនប្រជុំកោះ ដែលបន្តពីដែនដីជប៉ុន ភាគខាងត្បូង និងតៃវ៉ាន់ ចូលទៅក្នុងសមុទ្រចិនខាងត្បូង ដែលត្រូវបានសហរដ្ឋអាមេរិក ប្រើប្រាស់ដើម្បីទប់ទល់ នឹងអតីតសហភាពសូវៀត និងប្រទេសចិន ក្នុងសម័យសង្គ្រាមត្រជាក់។

កាលពីឆ្នាំមុន អ្នកវិភាគបានបញ្ជាក់ថា ប្រសិនបើហ្វីលីពីន នៅតែបន្តជម្រុញទំនាក់ទំនងជាមួយ ចិន ហេតុនេះអាមេរិក ទំនងជាអាចនឹងងាកមកចាត់ទុកវៀតណាម ជាដៃគូសន្តិសុខក្នុងតំបន់ជំនួសវិញ ដើម្បីជាការឆ្លើយតបហ្វីលីពីន ដែលដកខ្លួនចេញពីប្លុកនៃសម្ព័ន្ធអាមេរិកក្នុងតំបន់អាស៊ី ក្នុងគោលដៅទប់ទល់នឹងការកើនឡើង នៃឥទ្ធិពលរបស់ចិន៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា