(ព្រុចសែល)៖ ទីបំផុត​អតីតមេដឹកនាំ Catalonia ដែលត្រូវរដ្ឋាភិបាល​អេស្ប៉ាញ ទម្លាក់ចេញពី​អំណាចកាលពី​សប្តាហ៍មុននេះ បានប្រគល់ខ្លួន​ទៅឲ្យប៉ូលិស​ប៊ែលហ្សិកហើយ ព្រមគ្នា​ជាមួយនិង​ទីប្រឹក្សា​ជំនិត​របស់លោក ០៤រូបទៀត។ នេះបើតាមការ​ចេញផ្សាយព័ត៌មាន​នៅមុននេះបន្តិច ដោយ​សារព័ត៌មាន BBC នាយប់​ថ្ងៃអាទិត្យ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

អ្នកនាំពាក្យរដ្ឋអាជ្ញា​របស់ប៊ែលហ្សិក បានថ្លែងជុំវិញ​បញ្ហានេះថា «ចៅក្រមស៊ើបសួរ នឹងធ្វើការ​សម្រេចចិត្តនៅព្រឹកថ្ងៃចន្ទស្អែកនេះថា តើគួរប្រតិបត្តិការដីកាចាប់ខ្លួននៃសហភាពអឺរ៉ុប ដែលត្រូវបានចេញដោយចៅក្រមអេស្ប៉ាញ ដែឬមួយក៏យ៉ាងណានោះ»។ មេដឹកនាំ Catalonia លោក ខាឡែស ភីកដឺម៉ុន បានរត់ទៅកាន់​ប្រទេសប៊ែលហ្សិក​ភ្លាមៗ ក្រោយពីលោក​ និងអតីត​រដ្ឋបាលនៅតំបន់ Catalonia ប្រកាសឯករាជ្យ ដោយប្រឆាំងនឹង​ការព្រមាន​របស់ទីក្រុងម៉ាឌ្រីត។

លោក ភីកឌឺម៉ុន ធ្លាប់បាន​អះអាងថា លោកនឹងមិនទៅប្រទេស​អេស្ប៉ាញវិញនោះឡើយ លុះត្រាណាតែ​មានការធានាថា ការកាត់ក្តី​រូបលោក នឹងប្រព្រឹត្តទៅ​ដោយយុត្តិធម៌។ គួរបញ្ជាក់ថា យើងត្រូវរង់ចាំ​ដល់ព្រឹក​ថ្ងៃចន្ទស្អែកនេះ (ពេលវេលានៅ​ទីក្រុង​ព្រុចសែល) ដើម្បី​បានដឹងថា តើអាជ្ញាធរ​ប៊ែលហ្សិក នឹងបញ្ជូន​លោក ភីកដឺម៉ុន ទៅអេស្ប៉ាញ​វិញ​ដែរ ឬទេ៕