(តូក្យូ)៖ ខណៈកំពុងតែបំពេញ​ទស្សនកិច្ច​ជាលើកដំបូង នៅក្នុងប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្ត​បែបយុទ្ធសាស្ត្ររបស់ខ្លួន​ នៅអាស៊ីខាងកើតនោះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានថ្លែងសារព្រមានធ្ងន់ៗចំពោះកូរ៉េខាងជើងថា «គ្មានទេជនផ្តាច់ការ ដែលអាចមើលងាយ​សហរដ្ឋអាមេរិកនោះ»។ នេះបើតាមការចេញ​ផ្សាយដោយ Channel News Asia នាយប់​ថ្ងៃអាទិត្យ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

ការថ្លែង​របស់ លោក ត្រាំ ខាងលើនេះ បានធ្វើឡើងនៅក្នុង​ការបំពេញទស្សនកិច្ច ទៅកាន់​មូលដ្ឋានទ័ព​អាកាស Yokota ភាគខាងលិច​ទីក្រុងតូក្យូ។ មេដឹកនាំ​អាមេរិករូបនេះ បានសង្កត់ធ្ងន់នៅ​ចំពោះមុខ​កងយោធា ក្នុងមូលដ្ឋានទ័ព​យ៉ាងដូច្នេះថា «គ្មាន​នរណាម្នាក់ គ្មានជនផ្តាច់ការ គ្មានរបប និងគ្មានជាតិសាសន៍ណា អាចមើលងាយ​ដល់ដំណោះស្រាយ​របស់សហរដ្ឋអាមេរិក​នោះឡើយ»។

មេដឹកនាំមាត់ឆៅរបស់អាមេរិក រូបនេះក៏បានបន្ថែមទៀតថា «គ្មាននរណាម្នាក់អាចបង្កព្យុះភ្លៀង និងរាំងស្ទះដល់កិច្ច​ការពារ ប្រជាជន សេរីភាព និងទង់ជាតិ​អាមេរិក ដ៏អស្ចារ្យរបស់យើង​បានឡើយ»។ ដំណើរទស្សនកិច្ច​របស់ លោក ត្រាំ មកកាន់តំបន់​អាស៊ីពេលនេះ គឺធ្វើឡើង​ចំពោះមុខភាព​តានតឹង​នៅ​ឧបទ្វីបកូរ៉េ ស្ថិតនៅក្នុងសភាព​ក្តៅគគុក ដែលការធ្វើ​តេស្តមីស៊ីល ឬនុយក្លេអ៊ែរ​ អាចនឹងកើត​មានឡើងគ្រប់​ពេលវេលា។

គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់​ទស្សនកិច្ចនៅជប៉ុន លោក ដូណាល់ ត្រាំ និងលោកជំទាវទី១ លើពិភពលោក មេឡានៀ ត្រាំ នឹងបន្តដំណើរទៅ កូរ៉េខាងត្បូង ចិន វៀតណាម និងចុងបញ្ចប់គឺនៅហ្វីលីពីន៕