(ប៉េកាំង)៖ ទីភ្នាក់ងារភូមិសាស្ត្រអាមេរិក USGS បានឲ្យដឹងនៅមុននេះបន្តិចថា គ្រោះរញ្ជួយ​ផែនដីកម្រិតធ្ងន់ រហូតដល់ទៅ ៦.៩រ៉ិចទ័រ បានវាយប្រហារតំបន់មួយ ដែលស្ថិតនៅចម្ងាយ ១៣០គីឡូម៉ែត្រ ពីភាគឦសាននៃកោះ Hihifo នៃប្រទេសដីកោះ តុងហ្គា (Tonga) ស្ថិតនៅភាគនិរតី នៃមហាសាគរ​ប៉ាស៊ីហ្វិក។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

គ្រោះរញ្ជួយដីខាងលើនេះ កើតឡើង​ពីក្នុង​ជម្រៅដី ៨០គីឡូម៉ែត្រ ហើយដោយសារ​តែវា​ស្ថិតនៅឆ្ងាយ​ពី​​តំបន់ ដែលមានមនុស្សម្នារស់នៅនោះ វាទំនងជាមិន​បង្កការខូចខាត និងមនុស្សរងគ្រោះ​នោះ​ឡើយ ក៏ប៉ុន្តែសម្រាប់លទ្ធភាព ដែលអាចកើតមាន​នូវរលកយក្ស​ស៊ូណាមិវិញនោះ គឺពុំទាន់មាន​ការបញ្ជាក់​នោះទេ។

គួរបញ្ជាក់ថា តុងហ្គា គឺជារាជាណាចក្រ ឬប្រទេសប្រជុំកោះ​ឯករាជ្យមួយ ដែលមាន​កោះសរុប ១៧០ ស្ថិតនៅក្នុងមហាសាគរប៉ាស៊ីហ្វិក ដែលស្ថិតនៅមិនឆ្ងាយ​ប៉ុន្មានឡើយ ពីប្រជុំកោះ ហ្វីជី និងសាម៉ូវ។ ដោយសារដែន​ប្រជុំកោះនេះ ស្ថិតនៅតំបន់ខ្សែ​ក្រវាត់ភ្លើង នៃមហា​សមុទ្រ​ប៉ាស៊ីហ្វិក ដូច្នេះវាងាយរងគ្រោះ​ធម្មជាតិនានា​ខ្លាំងណាស់ ជាពិសេស​រញ្ជួយដី៕