(ហាណូយ)៖ ព្យុះទីហ្វុងដ៏កំណាចមួយ​ដែលមានឈ្មោះថា ដំរី បានវាយប្រហារភាគកណ្តាល​ប្រទេសវៀតណាម និងផ្តាច់យកជីវិតមនុស្សមកទល់នឹងពេលនេះ កើនឡើងដល់១១នាក់ហើយ ខណៈមនុស្សជាច្រើនទៀត នៅក្នុងខេត្ត Khanh Hoa, Phu Yen និង Binh Dinh ត្រូវបានគេរាយការណ៍ថា កំពុងបាត់ខ្លួន។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

អាជ្ញាធរវៀតណាម បានឲ្យដឹងនៅថ្ងៃសៅរ៍នេះទៀតថា ក្រៅពីមនុស្សស្លាប់ និងបាត់ខ្លួនជាច្រើននាក់ នៅក្នុងខេត្ត​ភាគកណ្តាល​ទាំងបីខាងលើនេះ ទូកនេសាទ​ប្រមាណជាង ១០០គ្រឿង ក៏ត្រូវបានព្យុះដំរី​​មួយនេះ​​ បោកពន្លិចទៅក្នុងសមុទ្រ​ផងដែរ។ សម្រាប់ការខូចខាត​ផ្សេងៗទៀតនោះ គឺផលដំណាំជា​ច្រើនហិកតា ត្រូវបានលិចលង់​ទៅក្នុងជំនន់ទឹកភ្លៀង​យ៉ាងគំហុក ខណៈផ្ទះរាប់ពាន់​ខ្នងបានដួលរលំ និងរបើលដំបូល​ខ្ទេចខ្ទីទៅតាមខ្យល់។

គួរបញ្ជាក់ថា ព្យុះខាងលើនេះ បានកើតមានឡើង​យ៉ាងទាន់ហន់ នៅមុនប្រទេស​វៀតណាម​ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ​ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ចាប់ពីថ្ងៃទី០៦ ដល់ទី១១ ខែវិច្ឆិកា សប្តាហ៍ក្រោយនេះ ហើយក៏មុនដំណើរ​មកដល់​របស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ផងដែរ។ សម្រាប់តំបន់ដែល​កំពុងទទួល​រងគ្រោះ​ធ្ងន់ជាងគេនោះ គឺស្ថិតនៅភាគ​កណ្តាលប្រទេស៕