(វ៉ាស៊ីនតោន)៖ ទីបំផុតលោក ដូណាល់ ត្រាំ បានចាកចេញពី​សេតវិមាន នៃរដ្ឋធានីវ៉ាស៊ីនតោន​ហើយនៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីទៅបំពេញដំណើរទស្សនកិច្ច​ជាលើកដំបូង​របស់លោក ទៅកាន់បណ្តាប្រទេសនៅតំបន់អាស៊ី ដោយក្នុងនោះ​លោកត្រូវឈប់សំចត នៅរដ្ឋហាវ៉ៃ កណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក​ជាមុនសិន មុននឹងបន្តហោះហើរទៅ ជប៉ុន កូរ៉េខាងត្បូង ចិន វៀតណាម និងចុងបញ្ចប់គឺ ហ្វីលីពីន។ នេះបើតាមការ​​ចេញផ្សាយដោយ សារព័ត៌មាន Business Insider នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

សម្រាប់ដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង និងជប៉ុន គឺនឹងគ្មានអ្វីក្រៅតែពីការ​ពូនផ្តុំភាពជាសម្ព័ន្ធ​មិត្តដ៏ធំបំផុតទាំងពីរនៅតំបន់អាស៊ីនេះ ឲ្យកាន់តែខ្លាំងក្លា​ជាងមុន ដើម្បីទប់ទល់​នឹងឥទ្ធិពល​កូរ៉េខាងជើង ដែលមានចិន និងរុស្ស៊ីនៅពីក្រោយ​ខ្នង​នោះឡើយ។ បន្ថែមពីនេះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និងការជួញដូរ​សព្វាវុធថ្មីៗ ក៏អាចនឹងកើតមាន​ឡើងបន្ថែមទៀតផងដែរ។

ជាងនេះទៅទៀត បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសសម្ព័ន្ធមិត្តទាំងពីរ​ខាងលើនេះ លោក ដូណាល់ ត្រាំ នឹងបន្តដំណើរទស្សនកិច្ចទៅកាន់មហាយក្សចិន ជាលើកដំបូងបំផុត​ចាប់តាំងពី​លោក បានស្បថឡើងកាន់តំណែងជាប្រធានាធិបតី​អាមេរិក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។ ទស្សនកិច្ចជា​ប្រវត្តិសាស្ត្រនៅចិន គឺធ្វើឡើងចំពេលនៃភាពតានតឹងជាមួយនិងប្រទេស​​កូរ៉េខាងជើង​នៅតែក្តៅគគុក ហើយមេដឹកនាំអាមេរិករូបនេះ អាចនឹងបន្តស្នើយ៉ាងទទូចបន្ថែមទៀត ឲ្យប្រទេស​ចិន​បន្ថែមសម្ពាធលើកូរ៉េខាងជើង។

ជាចុងក្រោយគឺទស្សនកិច្ចរបស់លោក ត្រាំ នៅប្រទេសវៀតណាម និងហ្វីលីពីន ដែលជាប្រទេស​ស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រ នៃតំបន់សមុទ្រចិនខាងត្បូង ដែល​នៅតែជា​ការ​ប្រឈមមុខ​គ្នា​យ៉ាងខ្លាំងក្លា ជាមួយប្រទេសចិន​ដដែល។ សម្រាប់ទស្សនកិច្ចរបស់លោក នៅហ្វីលីពីន នឹងក្លាយជារឿងដ៏គួរឲ្យចាប់អារម្មណ៍ ព្រោះតែជំហររបស់ប្រធានាធិបតី ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ កំពុងតែងាកខ្លាំងទៅរករុស្ស៊ី និងចិន ហើយបុរសខ្លាំងទីក្រុងម៉ានីលរូបនេះ ក៏ធ្លាប់បាន​រិះគន់​រដ្ឋបាល លោក ដូណាល់ ត្រាំ មិនសំចៃមាត់ផងដែរចាប់តាំងពីលោកឡើងកាន់តំណែងមកម្ល៉េះ៕