(ដាម៉ាស់)៖ ទីបំផុតមូលដ្ឋានរឹងមាំ​ចុងក្រោយរបស់​ក្រុមភេរវករ ISIS នៅក្នុងទឹកដី​ប្រទេសស៊ីរី ត្រូវបានកងទ័ព​រដ្ឋាភិបាលទីក្រុង ដាម៉ាស់ ក្រសោបយក​បានមកវិញ​ហើយ ក្រោយពីការ​ប្រយុទ្ធគ្នា​ដ៏ក្តៅ​គគុក​រាប់សប្តាហ៍ រវាងភាគី​ទាំងពីរ នៅទីក្រុង Deir al-Zour ដ៏ធំរបស់ស៊ីរី​មួយនេះ។ នេះបើតាមការចេញ​ផ្សាយដោយ សារព័ត៌មាន BBC នាល្ងាចថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

ទូរទស្សន៍​រដ្ឋស៊ីរី បានចេញផ្សាយ​នៅថ្ងៃសុក្រ​នេះថា «ទីក្រុង Deir Al-Zour ត្រូវបាន​រំដោះ​​​ទាំងស្រុង​​ពី​ភេរវករឡើយ»។ បច្ចុប្បន្ននេះ កងទ័ពស៊ីរី និងសម្ព័ន្ធមិត្ត កំពុងតែ​ធ្វើ​ការបោស​សម្អាតកាក​សំណល់ និងស្តារសន្តិសុខ​ឡើងវិញ​នៅក្នុងតំបន់នោះ។ សម្រាប់​ទីក្រុងមួយនេះ មួយភាគធំ​ត្រូវបាន ISIS សង្គ្រប់កាន់កាប់​កាលពីឆ្នាំ២០១៤ ហើយវាជាតំបន់​សំខាន់ណាស់​សម្រាប់ក្រុម​ភេរវករនេះ ព្រោះវាស្ថិតនៅព្រំដែន​ជាប់ប្រទេសអ៊ីរ៉ាក់។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នា​បានកើតមានឡើងជាច្រើន​សប្តាហ៍មកហើយ ទើបកងទ័ព​ស៊ីរីអាច​ទទួលយកបាន ខណៈឥទ្ធិពល ISIS ក៏កំពុងថមថយ​ជាបណ្តើរៗទៅហើយដែរ។ ចាប់តាំងពី ISIS មកគ្រប់គ្រងតំបន់​ខាងលើនេះ ប្រជាជនស៊ីរី​ប្រមាណ ៣៥០,០០០នាក់ បានរត់ភៀសខ្លួន​ចេញពីលំនៅឋាន​ទៅកាន់តំបន់ផ្សេង ឬភៀសទៅក្រៅ​ប្រទេសតែម្តង៕