(ព្រុចសែល)៖ ប្រធានាធិបតីកាតាឡាន់ត្រូវបណ្ដេញចេញពីតំណែង លោក Carles Puigdemont បាននិយាយថាលោកធ្វើដំណើរមកកាន់ទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក មិនមែនដើម្បីសុំសិទ្ធិជ្រកកោននយោបាយនោះទេ តែដើម្បីសន្តិសុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្នុងទីក្រុងព្រុចសែល នៅថ្ងៃអង្គារនេះ លោក Puigdemont បានបញ្ជាក់ចំៗដូច្នេះថា៖ «ខ្ញុំនៅទីនេះធ្វើសកម្មភាពដើម្បីសេរីភាពនិងសន្តិសុខ ហើយ ខ្ញុំជ្រើសរើសទីក្រុងព្រុចសែល ពីព្រោះវាជារដ្ឋធានីអឺរ៉ុប...ម្យ៉ាងវិញទៀត ខ្ញុំនឹងគោរតាមលទ្ធផលបោះឆ្នោតតំបន់កាតាឡានមុនអាណត្តិនៅថ្ងៃទី២១ ខែធ្នូ តាមការចង់បានរបស់លោក នាយករដ្ឋមន្ត្រីអេស្ប៉ាញ»។ លោក Puigdemont មិនបញ្ជាក់លម្អិតឡើយថា លោកស្នាក់នៅទីក្រុងព្រុចសែល យូរប៉ុន្មានឡើយ តែថាអាចនឹងត្រឡប់ទៅកាន់តំបន់កាតាឡាន់វិញ នៅពេលលោកទទួលបានការធានាពីរដ្ឋាភិបាលអេស្ប៉ាញ។    

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន នាយករដ្ឋមន្រ្តីអេស៉្បាញ លោក ម៉ារីយ៉ាណូ រ៉ាហ្សយ (Mariano Rajoy) បានប្រកាសដកមុខតំណែង លោក Carles Puigdemont ក៏ដូច ជារំលាយសភាកាតាឡាន់ហើយបានអំពាវនាវឲ្យមានការបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំថ្មីសម្រាប់តំបន់ស្វយ័តនេះនៅថ្ងៃទី២១ ខែធ្នូខាងមុខ។ ក៏ប៉ុន្តែទន្ទឹមគ្នា អាជ្ញាធរអេស្ប៉ាញ ក៏កំពុងដំណើរការផងដែរនូវនិតិវិធីប្ដឹង លោក Puigdemont ពីបទឧទ្ទាមបះបោរ ដែលអាចឱ្យលោកប្រឈមមុខជាប់ពន្ធនាគារ៣០ឆ្នាំយ៉ាងតិច៕