(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងមិនធ្វើដំណើរទៅកាន់តំបន់គ្មានយោធា នៃព្រំដែនរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងឡើយ នៅអំឡុងពេលលោក បំពេញដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង នៅសប្ដាហ៍ក្រោយនេះ។ នេះបើតាមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាមេរិក ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០១៧។

មន្ត្រីរូបនេះដដែលបានឱ្យដឹងទៀតថា ថ្វីបើលោក ដូណាល់ ត្រាំ មិនធ្វើដំណើរទៅកាន់តំបន់គ្មានយោធានេះក៏ដោយ តែលោកនឹងជំនួសមកវិញនូវការបំពេញទស្សនកិច្ចទៅកាន់ មូលដ្ឋានយោធាអាមេរិកសំខាន់ នៅអំឡុងពេលលោកស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែវិចិ្ឆកា។

គួរបញ្ជាក់ថា ការអះអាងរបស់មន្ត្រីជាន់ខ្ពស់អាមេរិកខាងលើ កើតមានឡើងនៅក្នុងបរិបទដែលអ្នកជំនាញជាច្រើន នាំគ្នាព្យាករណ៍ថាភាពតានតឹងនៅលើឧបទ្វីបកូរ៉េនឹងផ្ទុះឡើងជាថ្មី ម្ដងទៀតបើសិនជាលោក ដូណាល់​ ត្រាំ ធ្វើទស្សនកិច្ចទៅកាន់តំបន់គ្មានយោធារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង៕