(វ៉ាស៊ីនតោន)៖ ការផ្តល់សិទ្ធិ​អនុញ្ញាតឲ្យប្រើកម្លាំង​យោធាថ្មី មិនគួរឲ្យត្រូវ​រងកំហិតពីកត្តា​ទីតាំង​ភូមិសាស្រ្ត ឬក៏ពេល​វេលាឡើយ ដោយសារតែ​សហ​រដ្ឋ​អា​មេ​រិក​​បច្ចុប្បន្ន កំពុងប្រឈមមុខ​នឹងសត្រូវ ដែលចេះសម្រប​ខ្លួនបត់បែនតាម​កាលៈទេសៈ និងមិននៅស្ងៀមឆ្កឹង​មួយកន្លែងនោះ​ឡើយ។ នេះ​បើ​តាមការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០១៧។

ការលើកឡើង​ខាងលើ ត្រូវបានធ្វើឡើង​ដោយរដ្ឋមន្រ្តីការពារជាតិ​អាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) នៅក្នុងព្រឹទ្ធសភា​អាមេរិក ពាក់ព័ន្ធនឹង​ច្បាប់ចេញ​សិទ្ធិអនុញ្ញាតឲ្យ​ប្រើប្រាស់​កម្លាំងទ័ព (AUMF) ប្រឆាំងនឹង​ក្រុមទាំងឡាយ ដែលនៅពីក្រោយ មហាភេរវកម្ម​នៅ​សហរដ្ឋអាមេរិក កាលពី១៦ឆ្នាំមុន។

លោក Mattis បាននិយាយ​ថា «ច្បាប់ AUMF ថ្មីណាមួយ មិនគួរស្ថិត​ក្រោមកំហិតនៃ​ពេលវេលាឡើយ។ ឧទាហរណ៍​ដូចជា​យុទ្ធសាស្រ្ត​សម្រាប់អាស៊ី​​ខាង​ត្បូង​របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ជាដើម ដែលផ្អែកទៅលើ​លក្ខខណ្ឌពុំមែន​ពេលវេលាឡើយ ពីព្រោះថា​សង្រ្គាម​ជាទូទៅមិនអាចត្រូវ​ទស្សន៍ទាយ​ដឹងលទ្ធផលមុន​បានឡើយ​។ យើងមិនអាច​ដាក់ចេញកាលកំណត់​ជាក់លាក់មួយ ប្រឆាំងនឹងគូសត្រូវ​ដែលចេះបត់បែន​នោះទេ»

ប្រមុខ​ការពារជាតិ​អាមេរិករូបនេះ ក៏បានបញ្ជាក់ដែរថា អំណាចឲ្យប្រើ​យោធានេះ មិនគួរឲ្យ​ត្រូវរងកំហិត​ពីកត្តាទីតាំងភូមិសាស្រ្ត​ឡើយ ដោយសារ​សហរដ្ឋអាមេរិក កំពុងប្រឈមមុខ​នឹងសត្រូវឆ្លងដែន ដែលមិនមាន​ការកំណត់ទីតាំង​ភូមិសាស្រ្ត លើតំបន់ប្រតិបត្តិការ​របស់ពួកគេឡើយ។ ជាមួយ​គ្នានេះ លោក Mattis បានបន្ថែមថា ការធ្វើវិសោធនកម្ម​ច្បាប់ AUMF ឆ្នាំ២០០១ និងឆ្នាំ២០០២ ពុំគួរត្រូវលុបចោល​ដាច់ខាត ហើយពួកវាគឺ​ជាមូល​ដ្ឋានដ៏​សមហេតុផលមួយ សម្រាប់ប្រតិបត្តិការ​យោធាអាមេរិក​នាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា លោក Mattis និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Rex Tillerson បានចូលផ្តល់សក្ខីកម្ម នៅចំពោះមុខគណៈកម្មា​ធិការ​ទំនាក់​ទំនង​ការបរទេសនៃ​ព្រឹទ្ធសភាអាមេរិក ស្តីពីការធ្វើវិសោធនកម្មច្បាប់ AUMF ទាក់ទិនទៅនឹងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ន។

គួរជម្រាប​បន្ថែមថា រដ្ឋបាលលោក ដូណាល់ ត្រាំ និងអតីតរដ្ឋបាល​លោក បារ៉ាក់ អូបាម៉ា បានចាត់ទុក​ច្បាប់ AUMF ទាំង ០២ខាងលើ ដែលអនុម័ត​ដោយ​សភាអាមេរិក ក្រោយពីការវាយប្រហារ​ភេរវកម្មកក្រើក​ពិភពលោក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅឯទីក្រុងញូយ៉ក និងរដ្ឋធានី​វ៉ាស៊ីន​តោន ថាជាមូលដ្ឋានច្បាប់​ត្រឹមត្រូវ សម្រាប់កងទ័ព​អាមេរិក ដែលកំពុងប្រយុទ្ធប្រឆាំង​នឹងក្រុមភេរវករ នៅស៊ីរី អ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និងតំបន់មួយ​ចំនួនទៀតនៅអាហ្រ្វិក។

យ៉ាងណាក្តី សមាជិកសភាអាមេរិក​ធ្លាប់បានអះអាងថា ច្បាប់ AUMF ថ្មីមួយ គឺត្រូវការជា​ចាំបាច់ ដើម្បីបំពេញ​បន្ថែម​​នូវ​ការ​ទាម​​ទារ​​​ផ្នែកធម្មនុញ្ញ ដែលតម្រូវឲ្យ​សភាអាមេរិក ជាអ្នកប្រកាស​សង្រ្គាម ពុំមែនប្រធានាធិបតី​អាមេរិកឡើយ។

គួររំលឹកផងដែរថា សភាតំណាង​រាស្រ្តអាមេរិក កាលពីប៉ុន្មានសប្តាហ៍​កន្លងទៅនេះ បានដាក់ចេញសេចក្តី​ស្នើច្បាប់មួយ សម្រាប់ AUMF ថ្មី ដែល​នឹង​អនុញ្ញាតការ​ប្រើកម្លាំងទ័ពអាមេរិក​ក្នុងរយៈពេល ០៥ឆ្នាំ ដើម្បីប្រឆាំង​ក្រុមភេរវករ​អាល់កៃដា, តាលីបង់, ISIS, និងបុគ្គល​ទាំងឡាយ ដែលមានជាប់​ពាក់ព័ន្ធ​នឹងក្រុមភេរវករ​ទាំងនេះ ក៏ប៉ុន្តែវានឹង​ត្រូវការ​ការអនុម័តគាំទ្រ​ពីសភា ដើម្បីអាចពង្រីកកិច្ចប្រឹងប្រែង​ប្រតិបត្តិការ​នេះ ទៅកាន់ប្រទេសដទៃ​ៗ​​បន្ថែមទៀតបាន៕