(ម៉ូស្គូ)៖ ស្ថាបនិក​គេហទំព័រ WikiLeaks លោក ជូលៀន អាស្សាង (Julian Assange) បានប្រាប់​អ្នកសារព័ត៌មាន​រុស្ស៊ីថា លោកធ្លាប់​បានពិចារណា​ពីលទ្ធភាព ក្នុងការដាក់សំណើ​សុំសិទ្ធិជ្រកកោន​នៅ ប្រទេសរុស្ស៊ី ក៏ប៉ុន្តែក្រោយម​ក លោកបានលះបង់​គំនិតនេះចោល​ទៅវិញ ដោយសារតែ​ស្ថានភាពនយោបាយ ក្នុងពេល​បច្ចុប្បន្ន។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០១៧។

លោក Julian Assange នៅក្នុងបទសម្ភាសន៍​ជាមួយអ្នកសារព័ត៌មាន​រុស្ស៊ី លោក Vladimir Pozner បានសង្កត់​ធ្ងន់ថា បើទោះជាលោកបាន​ចែករំលែក​ទស្សនៈនយោបាយ ស្រដៀងគ្នា​នឹងអតីតទីភ្នាក់ងារ​សន្តិសុខជាតិ​អាមេរិក លោក Edward Snowden ដែលកំពុង​រស់នៅ​ជ្រកកោន​នយោបាយ​ ក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីលោក​បានបញ្ចេញ ឯកសារ​សម្ងាត់​អាមេរិក​ក៏ដោយ ក៏ស្ថាបនិក WikiLeaks រូបនេះអះអាងថា លោកបានសម្រេចចិត្ត​រស់នៅក្នុង​ប្រទេសមួយ មិនមែនជា​គូប្រជែងនយោបាយ ជាមួយពួកប្រទេស​លោកខាងលិច​ដូចជា អេក្វាឌ័រ ជាដើម។

លោក Assange ក៏បានបដិសេធផង​ដែរថា លោកមិនមានទំនាក់​ទំនងអ្វី នឹងទីក្រុងម៉ូស្គូ​នោះទេ ហើយ WikiLeaks ក៏មិនដែល​បានទទួលព័ត៌មាន​ពីរដ្ឋាភិបាល ណាមួយដែរ តែលោក​នៅតែ​សង្ឃឹមថា ថ្ងៃណាមួយ​លោកនឹងមាន​សេរីភាពដើរហើរ​ដូចមនុស្ស​ធម្មតាម្នាក់ ខណៈកំពុងរស់នៅក្នុងស្ថានទូត​អេក្វាឌ័រ ប្រចាំទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស ចាប់តាំងពី​ឆ្នាំ២០១២មក ដើម្បីគេចខ្លួន​ពីការតាមចាប់ ពីសំណាក់អាជ្ញាធរ​អាមេរិក។ ជាងនេះ​ទៅទៀត បើតាម​លោក Assange អាជ្ញាធរអង់គ្លេស​បានចំណាយ​ប្រាក់ជាង ១០លានដុល្លារ សម្រាប់តាម​ដានរូបលោក ក្នុងនោះមាន​ទាំងការតម្លើង​កាមេរ៉ាសុវត្ថិភាព និងពង្រាយក្រុម​អ្នកឃ្លាំមើល នៅ​តាមដងផ្លូវក្បែរកន្លែងលោក​រស់នៅទៀតផង។

គួរបញ្ជាក់ថា លោក Julian Assange បានដំណើរការ​គេហ័ទំព័រ Wikileaks ជាផ្លូវការកាលពី​ឆ្នាំ២០០៦។ ចាប់តាំង​នោះមកដែរ គេហទំព័រមួយ​នេះបានចេញផ្សាយ​ ឯកសារសម្ងាត់រាប់លាន នៅជុំវិញពិភពលោក ជាពិសេសស្ដី​ពីការលួចស្ដាប់​កិច្ចសន្ទនា​តាមទូរស័ព្ទ បទឧក្រិដ្ឋសង្រ្គាម ការធ្វើ​ទារុណកម្ម រួមទាំងការរំលោភ​សិទ្ធិមនុស្ស៕