(ម៉ាឌ្រីត)៖ អគ្គរដ្ឋអាជ្ញា​អេស៉្បាញ កំពុងតែរៀបចំ​ឯកសារ ដើម្បីធ្វើការចោទប្រកាន់​ចំពោះករណីបង្កការប៉ះបោរ​ទៅលើ អតីតមេដឹកនាំកាតាឡាន ដែល​ត្រូវ​រដ្ឋ​អំណាច​អេស៉្បាញ សម្រេច​ទម្លាក់​ចេញពី​តំណែងគឺ លោក ខាឡែស ភីកដឺម៉ុន (Carles Puigdemont)  ពីព្រោះតែរូប​លោក បាន​ចូល​រួម​ក្នុង​ការ​ចេញ​​សេចក្តី​ប្រកាស​ឯក​រាជ្យ​​ ដោយឯកតោភាគីរបស់ សភានៃតំបន់​ស្វយ័តកាតាឡាន (Catalonia) កាលពីថ្ងៃសុក្រ​សប្តាហ៍មុន។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​​សារ​ព័ត៌​មាន​រុស្ស៊ី Sputnik នៅល្ងាច​ថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០១៧។

បើតាមច្បាប់របស់​ប្រទេសអេស៉្បាញ ការបះបោរគឺជា​បទឧក្រិដ្ឋមួយ ដែលអាចប្រឈមមុខនឹង​ការជាប់ពន្ធនាគារ រយៈពេលរហូតដល់ទៅ ៣០ឆ្នាំ ហើយពាក្យបណ្តឹង​ចោទប្រកាន់ពី​បទល្មើសនេះ នឹងត្រូវធ្វើឡើងប្រឆាំង​នឹងលោក Puigemont នាថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់) បន្ទាប់​ពីរដ្ឋាភិបាលទីក្រុងម៉ាឌ្រីត បានសម្រេច​ប្រើអំណាច គ្រប់គ្រងដោយផ្ទាល់​ទៅលើតំបន់​កាតាឡាន។

នាយករដ្ឋមន្រ្តីអេស៉្បាញ លោក ម៉ារីយ៉ាណូ រ៉ាហ្សយ (Mariano Rajoy) បានប្រកាសដក​មុខតំណែង លោក Carles Puigdemont និងរដ្ឋាភិបាលតំបន់​​កាតាឡាន កាលពីថ្ងៃ​សៅរ៍សប្តាហ៍​មុននេះ ហើយបានអំពាវនាវឲ្យ​មានការបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំថ្មី សម្រាប់តំបន់ស្វយ័តនេះ នាថ្ងៃទី២១ ខែធ្នូខាងមុខ។ ជុំវិញរឿងនេះ លោក Puigdemont បានអះអាងមិន​ទទួលស្គាល់ ការចេញបញ្ជាឲ្យ​ដកហូតសិទ្ធិអំណាចរបស់​លោកនេះឡើយ ហើយរូបលោក ក៏​ថែមទាំងបាន​ប្រកូកប្រកាស ឲ្យមានការតស៊ូប្រឆាំង​ក្នុងលក្ខណៈ​ប្រជាធិបតេយ្យ តបតនឹងទង្វើ​របស់រដ្ឋាភិបាល​អេស៉្បាញផងដែរ។

គួរបញ្ជាក់ថា បើតាមក្រុម​អ្នកវិភាគ ការចាប់​ខ្លួនលោក Puigdemont ទំនងជានឹងបញ្ឆេះ​ឲ្យផ្ទុះការធ្វើបាតុកម្ម​ទ្រង់ទ្រាយធំ​ដ៏កក្រើកជាក់​ជាពុំខាន​ពី​សំណាក់ប្រជាជន​រាប់លាននាក់នៅតំបន់​កាតាឡាន។ ដោយឡែក រដ្ឋមន្រ្តីការបរទេស​អេស៉្បាញ លោក អាល់ហ្វុនសូ ដាស្ទីស (Alfonso Dastis) បានបង្ហើបថា លោក Puigdemont បើតាមទ្រឹស្តី​អាចឈរឈ្មោះ​ ដើម្បីប្រកួតប្រជែង នៅក្នុងការបោះឆ្នោត​នាចុងឆ្នាំនេះបាន ប្រសិនបើលោក​​នៅតែមិន​ត្រូវ​ជាប់​​ពន្ធ​នា​គារ រហូតដល់ថ្ងៃ​បោះឆ្នោត​ទេនោះ៕​​​