(ហាណូយ)៖ គិតចាប់ពីខែមករារហូតមកដល់​ខែតុលា ឆ្នាំ២០១៧នេះ វៀតណាម​ទទួលបានភ្ញៀវទេសចរ​ចិនដល់ជាង ៣.២លាននាក់ ដែលចំនួននេះ​មានការកើនឡើងប្រមាណ ៤៥.៦ភាគរយ បើធៀបនឹងរយៈពេល​ដូចគ្នាកាលពី​ឆ្នាំមុន។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីន​ហួរ នៅរសៀល​ថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០១៧។

ក្រសួងទេសចរណ៍​វៀតណាមបាន​ឲ្យដឹងថា ប្រទេសរបស់ខ្លួនកំពុងតែ​ធ្វើការងារ​យ៉ាងសកម្ម ដើម្បីលើកមុខមាត់​ទីតាំងទេសចរណ៍​សំខាន់ៗ ក៏ដូច​ជា​កំពុងរួមសហការ​យ៉ាងមមាញឹក​ជាមួយអាជ្ញាធរ​ក្នុងតំបន់ ដើម្បីដោះស្រាយ​បញ្ហានៃបណ្តា​ទីភ្នាក់ងារ​ទេសចរណ៍ ដែលធ្វើការ​ពុំសូវបានល្អ ដោយ​សង្ឃឹមថា​នឹងអាចទាក់ទាញភ្ញៀវទេសចរចិន​ ឲ្យបានប្រហែល ០៤លាននាក់ នៅក្នុងចំណោម​ភ្ញៀវទេសចរ​បរទេសសរុប ដែលគេព្យាករណ៍​ថា ​អាច​មានចំនួន​ ១៣លាននាក់ សម្រាប់ឆ្នាំ​នេះ។

គួរបញ្ជាក់ថា មកទល់​ពេលនេះ​វៀតណាម​បានទទួលស្វាគមន៍​ភ្ញៀវទេសចរណ៍​មកពីក្រៅប្រទេស​ជិត ១០.៥លាននាក់ (កើនឡើង ២៨.១ភាគរយ ​ធៀបនឹងរយៈពេលដូចគ្នា​នៅឆ្នាំមុន) ដោយចំនួនភ្ញៀវទេសចរ​បរទេសដែល​បានកើនខ្លាំងជាងគេ​បំផុតនោះ គឺកូរ៉េខាងត្បូង (៥៣.៩ភាគរយ) តាម​ពី​ក្រោយ​ដោយចិន (៤៥.៦ភាគរយ), រុស្ស៊ី (៣៨.៣ភាគរយ), អេស៉្បាញ (២០.៦ភាគរយ), និងនូវែលសេឡង់ (១៧.៦ភាគរយ) ហើយនៅ​ក្នុងចំណោម​ចំនួនភ្ញៀវទេសចរ​អន្តរជាតិទាំងនោះ គឺធ្វើដំណើរម​កពីអាស៊ីច្រើនជាង​គេបង្អស់ (៧.៩លាននាក់) និងបន្ទាប់មកគឺ​អ្នកទេសចរមក​ពីអឺរ៉ុប (ជាង​១.៥​លាន​នាក់​)៕