(ម៉ាឌ្រីត)៖ នាយករដ្ឋមន្រ្តី​អេស៉្បាញ​ លោក ម៉ារីយ៉ាណូ រ៉ាហ្សយ (Mariano Rajoy) បានប្រកាសថា មេដឹកនាំកាតាឡាន លោក ខាឡែស ភីកដឺម៉ុនត៍ (Carles Puigdemont) និងរដ្ឋាភិបាលត្រូវ​​បាន​ទម្លាក់​ពីអំណាច​ជាផ្លូវការហើយ ខណៈលោក Rajoy បានអំពាវនាវ​ឲ្យមាន​ការបោះឆ្នោតថ្មី នៅក្នុងតំបន់​នាថ្ងៃទី២១ ខែធ្នូខាងមុខ បន្ទាប់ពី​សភា ​កាតាឡាន ទីបំផុតបានសម្រេចធ្វើ​ការបោះឆ្នោតស្ងាត់ៗ​ជាឯកតោភាគី ដើម្បីប្រកាសឯករាជ្យ​ផ្តាច់តំបន់​កាតាឡាន (Catalonia) ចេញពីការគ្រប់គ្រង​របស់​រដ្ឋាភិបាល​កណ្តាល​ទីក្រុងម៉ាឌ្រីត។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន BBC នៅ​ថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ​២០១៧។

ជាមួយគ្នានោះដែរ បើតាមសារព័ត៌មាន​នៅក្នុងស្រុក ក្រៅតែមេដឹកនាំកាតាឡាន់ លោក ខាឡែស ភីកដឺម៉ុនត៍ អនុប្រធានាធិបតី លោក Oriol Junqueras រួមទាំងមន្ត្រីជាន់ខ្ពស់ កាតាឡាន់ ១១នាក់ ក៏ត្រូវបានដកចេញពី​មុខតំណែង​ផងដែរ ខណៈមន្ត្រីតាម​ផ្នែកជាច្រើន​នៃខុទ្ទកាល័យ នៃរដ្ឋាភិបាល​តំបន់ស្វយ័តមួយនេះ ១៥០នាក់ បានលាលែងពី​ចេញពីមុខ​តំណែង។ ចំណែក​ឯមន្ត្រីជាង ២០០,០០០នាក់ អាចនឹងប្រឈមមុខ​នឹងការបណ្ដេញចេញពី​តំណែង បើសិនជាហ៊ាន​ដឹកនាំបាតុកម្ម​តវ៉ា ឬគាំទ្រឱ្យតំបន់​កាតាឡាន់ ផ្ដាច់ខ្លួនចេញ​ពីប្រទេសអេស្ប៉ាញនោះ។

លោកនាយករដ្ឋមន្រ្តី​​អេស៉្បាញ បានធ្វើសេចក្តី​​ប្រកាស​​ខាងលើ ក្រោយពីបានកោះប្រជុំ​គណៈរដ្ឋមន្រ្តី​​ពិសេសមួយ នៅឯវិមាន Palacio de la Moncloa ដើម្បីសម្រេច​ពី​ការអនុវត្ត​មាត្រា ១៥៥ នៃរដ្ឋធម្មនុញ្ញ​​អេស៉្បាញ។ ក្រៅពីដកសិទ្ធិ​​អំណាចពី លោក Puigdemont និងរំលាយ​រដ្ឋាភិបាល​​តំបន់​កាតាឡាន លោក Rajoy ក៏បានប្រកាស​ពី​ការដកហូតតំណែង​ មេបញ្ជាការប៉ូលិស​​កាតាឡាន, ការបិទស្ថានទូត​កាតាឡាន​​នៅឯក្រៅប្រទេស ក៏ដូចជា​​​ប្រតិ​ភូ​​​តំណាង​រដ្ឋាភិបាល​​កាតាឡាន ប្រចាំនៅទីក្រុង​ម៉ាឌ្រីត និងព្រុចសែល​​ផងដែរ។

គួរបញ្ជាក់ថា សមាជិកសភាតំបន់​កាតាឡាន បានបោះឆ្នោតដោយ​សម្ងាត់ក្នុង​សភារបស់ខ្លួន នៅក្រោយកិច្ច​ពិភាក្សា​ស្តី​ពី​​ការ​ដាក់​ញ្ញតិ ​ដើម្បី​សុំ​បង្កើត​រដ្ឋា​ភិបាល​សាធារណរដ្ឋ​​កាតាឡាន ក្នុងនាមជារដ្ឋ​​ឯករាជ្យ និងមានអំណាច​ពេញ​លេញ។ លទ្ធផលនៃការ​បោះឆ្នោតគឺ ៧០សំឡេងគាំទ្រ ១០សំឡេង​ប្រឆាំង និង០២សំឡេងអនុបវាទ កាលពីយប់ថ្ងៃ​សុក្រ​សប្តាហ៍មុននេះ។ ដោយឡែក​ការអនុវត្ត​មាត្រា ១៥៥ នៃរដ្ឋធម្មនុញ្ញ​អេស៉្បាញ ដែលចែងពី​ការព្យួ​រ​សិទ្ធិ​ស្វ័យភាព​របស់​តំបន់​កាតាឡាន ហើយប្រគល់​ស្ថាប័ន​សំខាន់​​នៃតំបន់នេះ ទៅឲ្យទីក្រុងម៉ាឌ្រីត​​គ្រប់គ្រងជាបណ្តោះ​​អាសន្ននោះ ត្រូវបានអនុម័ត​​យល់ព្រម​ដោយ​ព្រឹទ្ធសភា​អេស៉្បាញ នៅថ្ងៃ​ជាមួយគ្នា៕