(ញូដេលី)៖ អាជ្ញាធរឥណ្ឌា​បានឱ្យដឹងថា យន្ដហោះដឹក​អ្នកដំណើរ ១២២នាក់ មួយគ្រឿងមាន​គោលដៅហោះហើរ​ ឆ្ពោះទៅកាន់​ទីក្រុង​ញូដេលី ត្រូវបង្ខំចិត្តប្ដូរ​ទិសដៅ​ហោះហើរ​ភ្លាមៗនៅពាក់​កណ្ដាលផ្លូវ នៅថ្ងៃចន្ទនេះ បន្ទាប់ពីទទួល​បានការព្រមាន​មួយ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ​ ទី៣០ ខែតុលា ឆ្នាំ២០១៧។

ជាមួយគ្នានោះ​ដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុងស្រុក យន្ដហោះខាងលើ​ជាកម្មសិទ្ធិ​របស់ក្រុមហ៊ុន​អាកាសចរណ៍ Jet Airways មានគោលដៅ​ហោះហើរ​ពី ទីក្រុងម៉ុមបៃ​ ទៅកាន់​ទីក្រុងញូដេលី បានប្ដូរទិសដៅ​ទៅកាន់​ទីក្រុង Ahmedabad ជាបន្ទាន់ ក្រោយមាន​សេចក្ដីរាយការណ៍​ ពីការព្រមានផ្នែកសន្តិសុខ​នៅលើ​យន្ដហោះ ដោយបុគ្គលិក​ម្នាក់។ បុគ្គលិក ជាស្រី្តរូបនេះបានរកឃើញ កំណត់ហេតុ​ព័ត៌មានមួយបញ្ជាក់ថា យន្ដហោះត្រូវ​បានគេប្លន់ ព្រមទាំងត្រូវ​គេបញ្ជាកុំឱ្យចុះចត​នៅទីក្រុង​ញូដេលី ទើបរូបនាង​រាយការណ៍​ប្រាប់​ពីឡុត ដែល បានបកក្បាល​យន្ដហោះ​ទៅកាន់​ទីក្រុង Ahmedabad។

ក៏ប៉ុន្តែ​មកទល់នឹង​ពេលនេះ ក្រុមអាជ្ញាធរមិនទាន់​អាចបញ្ជាក់​ពីហេតុការណ៍​លម្អិតនៅឡើយទេ រីឯខាងក្រុមហ៊ុន​បានទទួលស្គាល់ហើយថា ពិតជាហេតុការណ៍​បែបនេះ​កើតឡើងមែន ខណៈអាជ្ញាធរ​កំពុងស្វែងរកទីតាំង​ ដែលយន្ដហោះនេះកំពុង​ស្ថិតនៅ៕