(ស៊ីដនី)៖ ក្រុមអ្នកផលិតទឹកឃ្មុំ​អូស្ត្រាលី​ មានការខឹងសម្បារ​យ៉ាងខ្លាំង ក្រោយលេច​លឺព័ត៌មានថា ឧស្សហកម្មទឹកឃ្មុំ​របស់ប្រទេស​នូវែលសេឡង់ កំពុងព្យាយាម​បង្កើតម៉ាក​ទឹកឃ្មុំ «Manuka» ចែកចាយនៅ​ទូទំាង​ពិភពលោក។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិន​ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០១៧។

ជាការឆ្លើយតប ក្រុមអ្នកផលិត​ទឹកឃ្មុំអូស្ត្រាលី បានបង្កើតឧស្សហកម្ម​ថ្មីមួយ ដែលពួកគេ​ហៅថា Australian Manuka Honey Association (AMHA) ដើម្បីធ្វើសង្រ្គាម​ទឹកឃ្មុំ​ជាមួយ​នូវែលសេឡង់។ ថ្លែងក្នុងបទ​សម្ភាសន៍​ជាមួយស៊ីនហួរ នាយក AMHA លោក ផូល ខាលឡេនដឺ (Paul Callander) បានពន្យល់ថា មុខងារនៃ​ឧស្សាហកម្មទឹកឃ្មុំ​ថ្មីនេះ នឹងបញ្ជាក់​ប្រាប់ពិភពលោក​ថា Manuka គឺជាផលិតផល​មានដើមកំណើតពី​ប្រទេស​អូស្ត្រាលី។

លោក Callander បញ្ជាក់​បន្ថែមយ៉ាងដូច្នេះថា «សមាគម​ទឹកឃ្មុំ Manuka អូស្ត្រាលី នឹងប្រឹងប្រែង​ធានាឱ្យ​បានថា ទឹកឃ្មុំ Manuka របស់អូស្ត្រាលី​នឹងចូលដោយ​ភាពត្រឹមត្រូវ ទៅកាន់ទីផ្សារ​ពិភពលោក ហើយសមាគមថ្មី​របស់យើងមួយនេះ នឹងប្ដេជ្ញាចិត្ត​ការពារបូរណភាព​ ​និងកេរ្ត៍ឈ្មោះ​នៃទឹក​ឃ្មុំ Manuka អូស្ត្រាលី»។

គួរបញ្ជាក់ថា បើតាម​លោក Paul Callander ទឹកឃ្មុំ Manuka ចំនួន ៤០ ទៅ ៥០ភាគរយ នៃទីផ្សាទឹកឃ្មុំ​ពិភពលោក បានលក់ទៅកាន់​ប្រទេសចិន ប៉ុន្តែខាងនូវែលសេឡង់​បានអះអាងថា ​ទឹក​ឃ្មុំប្រភេទនេះ​គឺជាផលិតផល​របស់ខ្លួន ពីព្រោះពាក្យ Manuka មានដើមកំណើត​មកពី​ជនជាតិ Mori​ នៅក្នុងប្រទេស​នូវែលសេឡង់៕