(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ី​ត្រូវគេរាយការណ៍ថា កំពុងតែធ្វើការ​ពិចារណា​អំពីការកាត់បន្ថយ​វត្តមានខ្លះៗ នៃកម្លាំងយោធា​របស់ខ្លួន​នៅ​ក្នុង​ប្រទេស​​ស៊ីរី បន្ទាប់​ពី​​កងទ័ព​រដ្ឋាភិបាលស៊ីរី​នាពេលថ្មីៗនេះ ទទួលបានជោគជ័យ​ជាបន្តបន្ទាប់​ នៅក្នុងសមរភូមិ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវករ។ នេះ​បើ​តាម​​ការ​ចេញ​​​ផ្សាយ​ដោយសារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០១៧។

បើតាមសេចក្តីរាយការណ៍​របស់​កាសែតរុស្ស៊ី Kommersant ដែលទទួលបាន​ប្រភពព័ត៌មាន​ពីមន្រ្តីយោធា និងការទូតរុស្ស៊ី ផែនការ​ខាងលើនេះ​បាន​លើក​ឡើងថា មានតែអង្គភាព​ប៉ូលិសយោធា និងក្រុមអ្នក​ប្រឹក្សាយោធា ក៏ដូចជាអង្គភាព​ដែលចាំបាច់ សម្រាប់​ការការពារបន្ទាយ​ទ័ពអាកាស Hmeimim និង​មូលដ្ឋានទ័ព​ជើងទឹក Tartus របស់រុស្ស៊ី​ប៉ុណ្ណោះ ដែលគួរតែ​បន្តឈរជើង​នៅស៊ីរី។

ក្រៅ​ពី​នេះ​ចំនួន​យន្ត​ហោះ​​ចម្បាំងរបស់​ទ័ព​អាកាស​រុស្ស៊ី​​នៅ​ក្នុង​ប្រទេសស៊ីរី ក៏អាចនឹងត្រូវកាត់​បន្ថយផងដែរ ក៏ប៉ុន្តែប្រព័ន្ធ​ខែលការពារ​មីស៊ីលវិញ នឹងបន្តនៅទីនោះ​ដដែល។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​ក្នុងករណី​ណាក៏ដោយ ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នឹងធ្វើការសម្រេច​ចិត្តចុង​ក្រោយ។

គួរជម្រាបថា ព័ត៌មានខាង​លើនេះ​បានលេចឡើង ចំពេលមានសេចក្តី​រាយការណ៍​ជាបន្តបន្ទាប់ ស្តីពីជ័យជម្នះ​របស់កងទ័ពរដ្ឋាភិបាល​ស៊ីរី នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ជាមួយនឹងក្រុម​សកម្មប្រយុទ្ធ Jabhat Fatah al Sham ឬ Nasra Front រួមទាំងក្រុម​ភេរវករ ISIS។ ប្រទេស​រុស្ស៊ី បាន​ចាប់​ផ្តើម​ប្រតិ​បត្តិ​ការ​​យោធា​របស់ខ្លួន នៅក្នុងប្រទេសអារ៉ាប់មួយនេះ កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ តាមការស្នើសុំ​ពីសំណាក់​រដ្ឋាភិបាល របស់​ប្រ​ធា​នា​ធិប​តី​​ស៊ីរី​លោក បាហ្សា អាល់ អាស្សាដ បើទោះបីជាមានការព្រមានពីអាមេរិក និងសម្ព័ន្ធមិត្តក៏ដោយ៕