(សេអ៊ូល)៖ ដំណើរទស្សនកិច្ចដ៏គួរឲ្យចាប់​អារម្មណ៍របស់រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក ចេមស៍ ម៉ាត់ទីស មកកាន់ប្រទេស​កូរ៉េខាងត្បូង បានសម្តែងឲ្យឃើញ​នូវការរឹតបន្តឹង​វិស័យ​យោធាកាន់តែខ្លាំង​ជាងមុន ពីសំណាក់​ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ខណៈប្រមុខ​ការពារ​ជាតិ​អាមេរិក​ខាងលើនេះ បានប្តេជ្ញាបង្កើន​ការផ្តាស់ប្តូរ និងពង្រាយសព្វាវុធយុទ្ធសាស្ត្រ​អាមេរិក​នៅឧបទ្វីបកូរ៉េ បន្តទៅមុខទៀត។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០១៧។

រដ្ឋមន្ត្រីការពារជាតិ​អាមេរិក និងរដ្ឋមន្ត្រីការពារជាតិ​កូរ៉េខាងត្បូង បានជួបពិភាក្សាគ្នានៅក្នុង​សប្តាហ៍នេះ ដើម្បីប្រារព្ធខួប​លើកទី ៤៩ឆ្នាំ នៃការបើកកិច្ចប្រជុំ​សន្តិសុខ SCM ប្រចាំឆ្នាំ​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ។ រដ្ឋមន្ត្រីការពារជាតិ​កូរ៉េខាងត្បូង លោក សុង យ៉ាងមូ បានថ្លែង​ឲ្យដឹងថា កិច្ចព្រមព្រៀង​បន្តបេសកកម្ម​យោធាអាមេរិក នៅកូរ៉េខាងត្បូង​ទៅមុខទៀតនេះ គឺជាការធ្វើឡើង​តបទៅ​តាមការ​ប្តេជ្ញា​របស់អាមេរិក ក្នុងការពង្រឹង និងពង្រីក​កិច្ចសហប្រតិបត្តិការ ឆ្លើយតបទៅ​នឹង​ស្ថានការណ៍នា​ពេលបច្ចុប្បន្ន និងអនាគត។

គួរបញ្ជាក់ផងដែរថា សព្វាវុធយោធាអាមេរិក ដែលមាននៅក្នុងឧបទ្វីបកូរ៉េមានដូចជា នាវាដឹកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ, នាវាមុជទឹកដោយថាមពល​នុយក្លេអ៊ែរ ដែលអាច​វាយប្រហារ​គោលដៅ, យន្តហោះ​ចម្បាំង និងយន្តហោះ​ទម្លាក់គ្រាប់បែក​យុទ្ធសាស្ត្រ​ផងដែរ ដើម្បីឆ្លើយតបទៅនឹងការគម្រាមកំហែងធំបំផុត ពីសំណាក់កូរ៉េខាងជើង៕