(សេអ៊ូល)៖ រដ្ឋមន្រ្តីការពារជាតិ​អាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) នាថ្ងៃសៅរ៍នេះ​បានព្រមាន​ធ្ងន់ៗថា កូរ៉េខាងជើង​នឹងប្រឈមមុខ​ ចំពោះរិទ្ធិ​​អំណាច​​យោ​ធា​ដ៏សម្បើម​បំផុត ប្រសិនបើហ៊ានតែប្រើប្រាស់អាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន។ នេះបើតាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP នៅ​រសៀល​ថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០១៧។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន​នៅឯទីក្រុង​សេអ៊ូល នៅថ្ងៃចុងក្រោយ​នៃដំណើរបំពេញ​ទស្សនកិច្ច​របស់លោក នៅ​កូរ៉េខាងត្បូង លោក James Mattis បាន​និយាយថា «កុំច្រឡំឲ្យ​សោះ! ការវាយប្រហារ​ណាមួយ មកលើ​សហរដ្ឋអាមេរិក ឬក៏សម្ព័ន្ធមិត្ត​របស់យើង នឹងត្រូវ​ទទួលបរាជ័យ​ជាក់ជាពុំខាន។ ការប្រើប្រាស់​ណាមួយ នៃអាវុធ​នុយក្លេអ៊ែរ ដោយ​កូរ៉េខាងជើង នឹងត្រូវប្រឈមមុខ​ជាមួយ ការឆ្លើយតប​ដោយកម្លាំងយោធា​ដ៏ធំសម្បើម​មួយ ដែល​ប្រកបដោយ​ប្រសិទ្ធភាព និងខ្លាំង​លើសលប់​ទៅវិញ។

ដោយឡែក កាលពីថ្ងៃសុក្រ​សម្សិលមិញ ថ្លែងនៅឯតំបន់គ្មាន​យោធានៃព្រំដែនអន្តរកូរ៉េ លោក Mattis បានគូសបញ្ជាក់ថា ប្រទេសរបស់លោកមិន​មានចេតនាចង់​បង្កសង្រ្គាមជា​មួយប្រទេសកូរ៉េខាងជើង​ឡើយ តែចង់ឲ្យតំបន់​ឧបទ្វីបកូរ៉េ​គ្មានអាវុធប្រល័យ​លោក ទៅវិញទេ៕