(វ៉ាស៊ីនតោន)៖ ក្រុមអ្នកវិទ្យាសាស្រ្ត​គ្រោងនឹងបាញ់​បង្ហោះ​គ្រាប់រ៉ុក្កែត នាំយកឧបករណ៍​ស្រាវជ្រាវ​មួយ ដោយសង្ឃឹមថា នឹងអាច​សិក្សា​​ស្វែង​យល់​​​ឲ្យបានច្រើន​​អំពី​តំបន់ឧស្ម័ន​ដ៏​​អាថ៌កំបាំង ដែល​គេហៅថា Intergalactic Medium​។ នេះបើតាម​ការឲ្យដឹង​ពីទីភ្នាក់ងារ​អវកាស​អាមេរិក NASA ដក​ស្រង់​ដោយ​​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅ​រសៀល​ថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០១៧។

ឧបករណ៍ DEUCE នឹងត្រូវបង្ហោះ​ជាមួយគ្រាប់រ៉ុក្កែត Black Brant IX ដែល​បំពាក់នូវ Len កាំរស្មី Ultraviolet ដ៏ពិសេស ចេញពីមូលដ្ឋាន​​យោធា White Sands Missile Range Las Cruces នៅក្នុង​រដ្ឋ New Mexico។ គម្រោង​បេសកកម្ម​នេះ ត្រូវបាន​គ្រោងឡើង ដើម្បីធ្វើការវាស់ស្ទង់​​​ពន្លឺ​​ផ្កាយ​របស់​ផ្កាយមួយគូ នៅក្នុងបណ្តុំ​ផ្កាយ Canis Major ក្រោមគោលបំណងជួយក្រុមអ្នក​ស្រាវជ្រាវ បង្កើនការយល់ដឹង​អំពីតំបន់​ឧស្ម័ន Intergalactic Medium ឬហៅ​កាត់ថា IGM។

បើតាម NASA សមាសធាតុ​ភាគច្រើន​នៅចក្រវាឡយើង គឹស្ថិតក្នុងតំបន់​ដ៏ងងឹតដ៏ធំ​ល្វឹងល្វើយ ដែលនៅចន្លោះ​កាឡាក់ស៊ី​នេះ ហើយ IGM មាន​កម្រិតនៃការ​បញ្ចេញពន្លឺតិចតួចស្តួចស្តើង​បំផុត ដែលជាហេតុធ្វើ​ឲ្យ​អ្នកវិទ្យាសាស្រ្ត មានការលំបាក​ក្នុងការសិក្សា​ស្វែងយល់​អំពីវា។

ក្នុងអំឡុងការហោះ​ហើរចំនួន ០២លើក DEUCE នឹងធ្វើការអង្កេត​មើលទៅលើ​តារាចំនួន ០២ដួង ដោយជាដំបូង​គឺមើលទៅលើ​ផ្កាយ Beta Canis Major និងក្រោយមកទៀតទៅលើ​ផ្កាយ Epsilon Canis Major តាមរយៈ​ការប្រើប្រាស់​កែវយឺតមួយ ដែលប្រតិកម្មជា​មួយពន្លឺ​កាំរស្មី UV។ ការ​ពិសោធន៍​នេះ ត្រូវបានគេគ្រោង​នឹងចាប់ផ្តើម​ម្តង​ទៀត នៅខែធ្នូ ឆ្នាំ២០១៨ ដើម្បីអង្កេត​មើល​ផ្កាយ Epsilon Canis Major។

គួរបញ្ជាក់ថា ផ្កាយទាំង ០២នេះ គឺនៅកៀកល្មម​គ្រប់គ្រាន់ឲ្យពន្លឺរបស់វា​ជះមកដល់ផែនដី មុនពេលត្រូវបានស្រូប​យកទាំងស្រុង ដោយឧស្ម័ន​នៅ​ចន្លោះ​​ប្រព័ន្ធផ្កាយ ដែល​កត្តានេះ​អនុញ្ញាត​ឲ្យក្រុមអ្នក​ស្រាវជ្រាវ ធ្វើការវាស់វែង​ទៅលើបរិមាណ​នៃពន្លឺផ្កាយ​ទាំងនោះ ថាតើវា​គ្រប់គ្រាន់ ដើម្បី​ចូល​រួមចំណែកក្នុងបរិមាណ​នៃឧស្ម័ននៅក្នុង IGM ដែរឬ​យ៉ាងណា៕