(វ៉ាស៊ីនតោន)៖ រាល់ស្រ្តីទាំង​អស់ ​ដែលបានធ្វើការចោទ​ប្រកាន់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពីបទបៀតបៀន​ផ្លូវភេទនោះ គឺសុទ្ធតែ​និយាយកុហកគ្មានពិតសូម្បីតែ​មួយឡើយ។ នេះបើតាមសម្តី​របស់អ្នកនាំពាក្យ​សេតវិមាន លោកស្រី សារ៉ាហ៍ ហាក់កាប៊ី សេនដឺស៍ (Sarah Huckabee Sanders) ដកស្រង់​ដោយ​ទីភ្នាក់​ងារ​​ព័ត៌​មានចិន ស៊ីនហួរ នៅព្រឹក​​ថ្ងៃ​សៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០១៧។

ការអធិប្បាយខាង​លើនេះ ធ្វើឡើងបន្ទាប់ពី​លោកស្រី Sanders ត្រូវបានក្រុមអ្នក​សារព័ត៌មាន​ជជីកសួរពី​ គោលជំហររបស់​សេតវិមាន ជុំវិញបញ្ហា​​​ខាង​លើ នៅអំឡុងពេល​ធ្វើសន្និសីទ​សារព័ត៌មាន។ បើតាមការ​លើកឡើងរបស់​អ្នកកាសែត​នៅទីនោះ ក្នុងអំឡុងការធ្វើ​យុទ្ធនាការរកសំឡេង​ឆ្នោត​ ​ស្រ្តីយ៉ាងតិច​ចំនួន ១៦នាក់ បានចោទប្រកាន់​លោកប្រធានាធិបតី​អាមេរិកថា ធ្លាប់បានប្រព្រឹត្តអំពើបៀតបៀនផ្លូវភេទមកលើរូប​ពួកគេ។

គួររំលឹកថា កាលពី​សប្តាហ៍មុន​ថ្លែងនៅសួន​ច្បារ Rose Garden ក្នុង​សេតវិមាន លោក ដូណាល់ ត្រាំ ធ្លាប់បានច្រាន​ចោល​ការចោទប្រកាន់​ទាំង​អស់​​នេះ​ម្តងរួចមក​ហើយថា ជាព័ត៌មាន​ក្លែងក្លាយ នៅពេលដែល​រូបលោក ត្រូវបានគេសួរ​ពីការចោទប្រកាន់​របស់លោកស្រី សាំមើ ហ្សឺវ៉ូស (Summer Zervos) ជាអតីត​បេក្ខនារី​មួយនៃកម្មវិធី​កម្សាន្ត​ទូរទស្សន៍ «The Apprentice» ដែលលោក ត្រាំ ធ្លាប់ដឹកនាំ៕

-