(ណៃពិដោ)៖ ប៉ូលិសមីយ៉ាន់ម៉ាបាន​ចាប់អ្នកសារព័ត៌មាន​ពីររូប យកទៅឃុំខ្លួនជា​បណ្តោះ​អាសន្នរង់ចាំការសាកសួរ បន្ទាប់ពីជនបរទេសទាំងពីររូបនេះ បានបង្ហោះ​យន្តហោះដ្រូន (Drone) ពីលើអគារ​រដ្ឋសភាជាតិ ក្នុងរដ្ឋធានីណៃពិដោ​របស់ប្រទេស​អាស៊ានមួយនេះ។ នេះ​បើ​តាមការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នាព្រឹក​ថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០១៧។

សេចក្តីរាយការណ៍បានបន្តទៀតថា អ្នកកាសែតទាំងពីររូបខាងលើនេះ គឺម្នាក់ជាជនជាតិ​សិង្ហបុរី និងម្នាក់ទៀតម៉ាឡេស៊ី កំពុងតែស្ថិតនៅក្នុងការសាកសួរ និងតាមដានជាបន្តទៀត ក្រោយពីត្រូវបានចាប់ខ្លួន ព្រមទាំងរឹបអូសយន្តហោះដ្រូនទុក​ជាបណ្តោះអាសន្ន។ នេះបើតាម​ការបញ្ជាក់ក្រសួងកិច្ចការ​ផ្ទៃក្នុងមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា អ្នកកាសែតទាំងពីររូបខាងលើនេះ បម្រើការងារឲ្យស្ថាប័នវិទ្យុ និង​ទូរទស្សន៍​តួកគី (TRT)៕