(វ៉ាស៊ីនតោន)៖ អគ្គនាយករង​ទទួលបន្ទុកផ្នែក​ផ្សព្វផ្សាយ​របស់ ក្រុមហ៊ុន Facebook លោក រ៉ុប ហ្គោលមែន (Rob Goldman) បានប្រកាស​នៅក្នុងសេចក្តី​ថ្លែងការណ៍​មួយថា មនុស្សរាល់គ្នា​ដែលបង្ហោះផ្ទាំង​ផ្សព្វផ្សាយ​ នៅលើបណ្តាញ​ទំនាក់ទំនង​សង្គមដ៏ធំ​ជាងគេនេះ នឹងត្រូវផ្តល់ឯកសារ​ចាំបាច់នានា ដើម្បី​​បង្ហាញ​​ពី​​អត្ត​សញ្ញាណ​​របស់​ពួក​គេ ជាពិសេសសម្រាប់​ការផ្សព្វផ្សាយ​​ពាក់ព័ន្ធផ្នែក​នយោបាយ ដែលនេះជាការរឹតបន្តឹងផ្នែកសន្តិសុខ និងតម្លាភាព​ថ្មីមួយទៀត ក្រោយការទើបសាកល្បងបែងចែក News Feed និង Pages Feed ដាច់ពីគ្នា​កាលពីពេលថ្មីៗកន្លងទៅ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០១៧។

លោក Goldman បាននិយាយ​ដូច្នេះថា «នៅពេលពាក់ព័ន្ធនឹង​ការផ្សព្វផ្សាយ (Ads) នៅលើ Facebook អ្នកប្រើប្រាស់​ទាំងអស់ គួរតែមានសិទ្ធិដឹង​ថា ​ម្ចាស់​ផ្សព្វ​ផ្សាយ​​ទាំងនោះ​គឺជានរណា ជាពិសេសនោះ​សម្រាប់ផ្ទាំងផ្សព្វផ្សាយ​ផ្នែកនយោបាយ​តែម្តង។ ចាប់ផ្តើមពី​ខែក្រោយទៅ អ្នកទាំង​អស់​​គ្នា​ នឹងអាចចុច​លើប៊ូតុង View Ads នៅលើ Page និងបើកមើលផ្ទាំង​ផ្សព្វផ្សាយ​ដែលមាននៅក្នុង Page នោះ ទោះបីជាបុគ្គល​ដែល​ចុចមើលនោះ ស្ថិត​នៅ​ក្នុង​គោលដៅ​ទស្សនិកជន របស់ការផ្សព្វផ្សាយ​ដែរ ឬអត់ក៏ដោយ»

លោក Goldman បាន​ពន្យល់ថា ការដាក់​ចេញ​នូវកម្មវិធីធ្វើ​ឲ្យមានតម្លាភាព​ក្នុងការផ្សព្វផ្សាយ​ថ្មីនេះ នឹងចាប់ផ្តើមនៅ​ក្នុងប្រទេស​កាណាដា ខណៈ​នៅ​អំឡុង​ពេល​ជាងពាក់​កណ្តាល​ឆ្នាំ​២០១៨ Facebook នឹងអនុវត្តកម្មវិធី​នេះនៅក្នុង​សហរដ្ឋអាមេរិក ពោលគឺ ០២ឆ្នាំ មុនឈានដល់​ការបោះ​ឆ្នោត​ជ្រើសប្រធានាធិបតី​អាមេរិក​អាណត្តិក្រោយ។

គួរបញ្ជាក់ថា សេចក្តី​ប្រកាសរបស់ Facebook ធ្វើឡើងមួយថ្ងៃ​ក្រោយពីបណ្តាញ​សង្គម Twitter បានបដិសេធ​មិនព្រមទទួល ការផ្សព្វផ្សាយ​របស់​​​បណ្តាញសារព័ត៌មាន​រុស្ស៊ី RT (Russia Today) និង Sputnik ដោយ Twitter បានលើក​ហេតុផលថា បើតាម​របាយការណ៍​របស់ទីភ្នាក់ងារ​ស៊ើប​អង្កេត​​អាមេរិក ស្ថាប័នព័ត៌មាន​ទាំង ០២នេះ មានជាប់ពាក់ព័ន្ធ​នឹងយុទ្ធនាការ​មួយ ដែលរៀបចំដោយ​ហ្មត់ចត់ ដើម្បីជះឥទ្ធិពល​លើដំណើរការបោះ​ឆ្នោត​នៅអាមេរិក​ កាលពីឆ្នាំ២០១៦។

ក្រុមហ៊ុន Facebook, Twitter, និង Alphabet (ម្ចាស់ Google) នឹងត្រូវបង្ហាញខ្លួន​នៅចំពោះមុខ​សភា​អាមេរិក នាសប្តាហ៍​ក្រោយ ដើម្បីរៀបរាប់​លម្អិត​ពីសកម្មភាព​របស់រុស្ស៊ី ហើយផ្តល់​ដំណោះស្រាយ៕