(ម៉ាឌ្រីត)៖ នាយករដ្ឋមន្រ្តី​អេស៉្បាញ​ លោក ម៉ារីយ៉ាណូ រ៉ាហ្សយ (Mariano Rajoy) បានប្រកាសថា មេដឹកនាំកាតាឡាន លោក ខាឡែស ភីកដឺម៉ុនត៍ (Carles Puigdemont) និងរដ្ឋាភិបាលត្រូវ​​បាន​ទម្លាក់​ពីអំណាច​ជាផ្លូវការហើយ ខណៈលោក Rajoy បានអំពាវនាវ​ឲ្យមាន​ការបោះឆ្នោតថ្មី នៅក្នុងតំបន់​នាថ្ងៃទី២១ ខែធ្នូខាងមុខ បន្ទាប់ពី​សភា ​កាតាឡាន ទីបំផុតបានសម្រេចធ្វើ​ការបោះឆ្នោតស្ងាត់ៗ​ជាឯកតោភាគី ដើម្បីប្រកាសឯករាជ្យ​ផ្តាច់តំបន់​កាតាឡាន (Catalonia) ចេញពីការគ្រប់គ្រង​របស់​រដ្ឋាភិបាល​កណ្តាល​ទីក្រុងម៉ាឌ្រីត។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ​២០១៧។

លោកនាយករដ្ឋមន្រ្តី​អេស៉្បាញ បានធ្វើសេចក្តី​ប្រកាស​ខាងលើ ក្រោយបានកោះប្រជុំ​គណៈរដ្ឋមន្រ្តី​ពិសេសមួយ នៅឯវិមាន Palacio de la Moncloa ដើម្បីសម្រេចពី​ការអនុវត្ត​មាត្រ ១៥៥ នៃរដ្ឋធម្មនុញ្ញ​អេស៉្បាញ។ ក្រៅពីដកសិទ្ធិ​អំណាចពី លោក Puigdemont និងរំលាយ​រដ្ឋាភិបាល​តំបន់​កាតាឡាន លោក Rajoy ក៏បានប្រកាសពី​ការដកហូតតំណែង​ មេបញ្ជាការប៉ូលិស​កាតាឡាន, ការបិទស្ថានទូត​កាតាឡាន​នៅឯក្រៅប្រទេស ក៏ដូចជា​​ប្រតិ​ភូ​​​តំណាង​រដ្ឋាភិបាល​កាតាឡាន ប្រចាំនៅទីក្រុងម៉ាឌ្រីត និងព្រុចសែល​ផងដែរ។

គួរបញ្ជាក់ថា សមាជិកសភាតំបន់កាតាឡាន បានបោះឆ្នោតដោយ​សម្ងាត់ក្នុងសភារបស់ខ្លួន នៅក្រោយកិច្ច​ពិភាក្សា​ស្តី​ពី​​ការ​ដាក់​ញត្តិ ​ដើម្បី​សុំ​បង្កើត​រដ្ឋា​ភិបាល​សាធារណរដ្ឋ​កាតាឡាន ក្នុងនាមជារដ្ឋ​ឯករាជ្យ និងមានអំណាច​ពេញលេញ។ លទ្ធផលនៃការ​បោះឆ្នោតគឺ ៧០សំឡេងគាំទ្រ ១០សំឡេង​ប្រឆាំង និង០២សំឡេងអនុបវាទ កាលពីយប់ថ្ងៃ​សុក្រ​ម្សិលមិញនេះ។ ដោយឡែក ការអនុវត្ត​មាត្រា ១៥៥ នៃរដ្ឋធម្មនុញ្ញ​អេស៉្បាញ ដែលចែងពី​ការព្យួ​រ​សិទ្ធស្វ័យភាព​របស់តំបន់​កាតាឡាន ហើយប្រគល់​ស្ថាប័នសំខាន់​នៃតំបន់នេះ ទៅឲ្យទីក្រុងម៉ាឌ្រីត​គ្រប់គ្រងជាបណ្តោះ​អាសន្ននោះ ត្រូវបានអនុម័ត​​យល់ព្រម​ដោយព្រឹទ្ធសភា​អេស៉្បាញ នៅថ្ងៃ​ជាមួយគ្នា៕