(ម៉ាឌ្រីត)៖ រដ្ឋាភិបាលអេស្ប៉ាញ​ កំពុងអនុវត្តន៍តាមមាត្រាទី ១៥៥ នៃរដ្ឋធម្មនុញ្ញ នៅថ្ងៃសៅរ៍ សប្ដាហ៍នេះ ដើម្បីព្យួរសិទ្ធិស្វ័យភាព​របស់តំបន់​កាតាឡាន់ (Catalonia) បន្ទាប់ពីឱសាវាទ​លើកចុងក្រោយឱ្យមេដឹកនាំតំបន់ស្វយ័តមួយនេះ​ បង្ហាញពីគោលជំហរថា ចង់ឬមិនចង់​ប្រកាសឯករាជ្យ បានផុតកំណត់កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមខុទ្ទការល័យ នាយករដ្ឋមន្ត្រីអេស្ប៉ាញ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧។

យោងតាមខុទ្ទការល័យ​នាយករដ្ឋមន្ត្រី​អេស្ប៉ាញ កិច្ចប្រជុំបន្ទាន់មួយកំពុងធ្វើឡើងផងដែរ ក្រោយមេដឹកនាំ​កាតាឡាន់ លោក Carles Puigdemont បានព្រមានថា សភាតំបន់អាចនឹង បោះឆ្នោតប្រកាសឯករាជ្យ​ជាផ្លូវការ ចេញពី​ប្រទេសអេស្ប៉ាញ បើសិនជាទីក្រុងម៉ាឌ្រីត មិនព្រមបើកកិច្ចចរចា​ទេនោះ។ ចំណែកឯក្រុមអ្នកជំនាញ​ ក៏បានសម្ដែងក្ដីព្រួយបារម្ភ​ដែរថា ជម្លោះស៊ីវិល អាចនឹងកើតឡើង​នៅក្នុងតំបន់​កាតាឡាន់ នៅក្នុងករណី​ដែលទីក្រុងម៉ាឌ្រីត ប្រកាសប្រើ​មាត្រា១៥៥។ មាត្រា១៥៥ នៃរដ្ឋធម្មនុញ្ញ​អេស្ប៉ាញឆ្នាំ១៩៧៨ បានអនុញ្ញាត​ឱ្យរដ្ឋាភិបាល​អេស្ប៉ាញដក​សិទ្ធិស្វ័យភាព ឬក៏គ្រប់គ្រងតំបន់​កាតាឡាន់​ដោយផ្ទាល់ បើសិនជាមាន​ជាម្លោះកើតឡើង។

គួររំលឹកថា ក្រោយការបោះឆ្នោតប្រជាមតិប្រកាសឯករាជ្យកាលពីថ្ងៃទី០១ ខែតុលា លោក Puigdemont បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ប្រកាសឯករាជ្យរួចហើយ ប៉ុន្តែមិនទាន់ ហ៊ានប្រកាសជាផ្លូវការនៅឡើយទេ ដោយសារតែទទួលបានការគំរាមកំហែងយ៉ាងខ្លាំង ពីរដ្ឋាភិបាលអេស្ប៉ាញ៕