(ប៉េកាំង)៖ កូរ៉េខាងជើង​បានថ្កោលទោស​សហរដ្ឋអាមេរិកយ៉ាងខ្លាំង សម្រាប់​ការរៀបចំផែន​ការ​យោធា​ ប្រឆាំងនឹង​ទីក្រុង​ព្យុងយ៉ាង ជាពិសេស​គឺគំរោងសម្លាប់ លោក គីម ជុងអ៊ុន។ ប្រតិកម្ម​របស់​ទីក្រុង​ព្យុងយ៉ាង កើតមានឡើង​ក្រោយក្រុម​មន្ត្រីកូរ៉េខាងត្បូង បានចោទ​ប្រកាន់ថា ទីក្រុងព្យុងយ៉ាង​បានចូល Hack ទិន្នន័យផែនការ​យោធា​រវាងទីក្រុង​វ៉ាស៊ីនតោន និងទីក្រុង​សេអ៊ូល ក្នុងករណីសង្រ្គាម​នៅលើឧបទ្វីប​កូរ៉េផ្ទុះឡើង។ នេះបើ​តាមការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧។

នៅក្នុង​សេចក្ដីថ្លែងការណ៍​ចេញផ្សាយកាលពី​ថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យ​គណៈកមា្មធិការ​កូរ៉េខាងជើង​ ដើម្បីសន្តិភាព បានលើក​ឡើង​យ៉ាងដូច្នេះថា «កូរ៉េខាងជើង​ថ្កោលទោសយ៉ាងខ្លាំង ចំពោះ សកម្មភាពយោធាគ្មាន​ការប្រុងប្រយ័ត្ន​ របស់ពួកចូលចិត្ត​សង្រ្គាមដូចជា​សហរដ្ឋអាមេរិក ដែលចង់រារាំង​មិនឱ្យកូរ៉េខាងជើង សម្រេចគោល​បំណង​របស់ខ្លួន... ហើយដែល​នេះបង្ហាញថា ទីក្រុង វ៉ាស៊ីនតោន​បានចាប់ផ្ដើម​សង្រ្គាម​ជាមួយ​កូរ៉េខាងជើង ដោយមិន​ប្រកាសសង្រ្គាម​ ក្រោមសេណារីយ៉ូ​នៃសង្រ្គាមដ៏គ្រោះថ្នាក់»

គួរបញ្ជាក់ថា បើតាមអ្នកនាំ​ពាក្យដដែល កាលពី​ថ្ងៃទី១០ ខែតុលា ក្រុមមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក បានធ្វើបទ​បង្ហាញ​ពីរដល់ លោក ដូណាល់ ត្រាំ នូវជម្រើស​យោធាប្រឆាំងនឹង​កូរ៉េខាង​ជើង ក្នុងនោះរួមមានទាំង​ការវាយប្រហារ​បង្ការជាមុន និងការកាត់​បន្ថយការខូចខាត​របស់ខ្លួន​ជាដើម៕