(ម៉ានីល)៖ ប្រជាជនហ្វីលីពីន​ភាគច្រើន បានបង្ហាញពីការ​ពេញចិត្ត​ជាខ្លាំង ចំពោះការបំពេញ​ការងារ និងដឹកនាំប្រទេសរបស់​រដ្ឋ​បាល​​ប្រ​ធា​នា​ធិប​តី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ។ នេះបើតាមការ​ស្ទង់មតិ​ឯករាជ្យមួយ ដក​ស្រង់​ដោយ​​ទីភ្នាក់​ងារ​​ព័ត៌​មាន​ចិន ស៊ីនហួរ នៅ​រសៀល​​ថ្ងៃ​សុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧។

បើតាមការស្ទាបស្ទង់​មតិរបស់ក្រុមហ៊ុន Pulse Asia Inc. ដែលធ្វើឡើង​ចាប់ពីថ្ងៃ​ទី២៤ ដល់ថ្ងៃទី៣០ ខែកញ្ញា​កន្លងទៅ​បានបង្ហាញ​លទ្ធ​ផលថា ការវាយតម្លៃ​របស់ប្រជាពលរដ្ឋ​ហ្វីលីពីន ទៅលើការងារ​របស់រដ្ឋាភិបាល លោក ឌូតឺតេ ក្នុងការ​ដោះស្រាយ​បញ្ហាសំខាន់ៗ រួមមាន​ទាំង​ការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្មគ្រឿងញៀន និងបោសសម្អាត​អំពើពុករលួយនោះ គឺពុំមានការផ្លាស់ប្តូរឡើយ ក្នុងអំឡុងខែមិថុនា ដល់ខែកញ្ញា ឆ្នាំ​២០១៧នេះ ដោយក្នុង​ចំណោមប្រជាជន​ហ្វីលីពីនចំនួន ១,២០០នាក់ ដែលបាន​ចូលរួមការស្ទង់មតិ ក្រុមហ៊ុន Pulse Asia បានឲ្យដឹងថា​ ៧៨ភាគរយ នៃពួកគេ ពេញចិត្តពេញថ្លើម​ចំពោះរបៀបដឹកនាំ​របស់រដ្ឋបាល លោក ឌូតឺតេ ឆ្លើយតបនឹង​តម្រូវការរបស់​ប្រជាជននានា ដែល​បានរង​គ្រោះ​ដោយ​បញ្ហាទាំងនេះ។

គួរបញ្ជាក់ថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលបានស្បថ​ឡើងកាន់តំណែង​ជាប្រធានាធិបតី​ហ្វីលីពីន កាលពី​ខែមិថុនា ឆ្នាំ២០១៦ នឹងបញ្ចប់​​អាណត្តិរយៈពេល ០៦ឆ្នាំ របស់លោក​នៅឆ្នាំ២០២២។ លទ្ធផលល្អធំៗ នៃការកាន់អំណាចរបស់ លោក ឌូតឺតេ រយៈពេលជាងមួយឆ្នាំ​មកនេះ គឺមានដូចជាទី១៖ សង្គ្រាមគ្រឿងញៀនដ៏ក្តៅគគុក, ២៖ ការកសាងទំនាក់ទំនង​ល្អ​ឡើងវិញជាមួយចិន លើបញ្ហាសមុទ្រចិនខាងត្បូង និងទី៣៖ ការទទួលបានជោគជ័យ​លើ​បណ្តាញភេរវករគាំទ្រ ISIS នៅទីក្រុងម៉ារ៉ាវី ភាគខាងត្បូងប្រទេសកាលពីពេលថ្មីៗនេះ៕