(វ៉ាស៊ីនតោន)៖ ទីបំផុតព្រឹទ្ធសភា​នៃសហរដ្ឋអាមេរិក នាថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ បាន​អនុម័ត​នូវដំណោះស្រាយ​មួយ​សម្រាប់កញ្ចប់ថវិកាជាតិ​ឆ្នាំ២០១៨ ដែលមាន​ទឹកប្រាក់ ៤ពាន់ពាន់​លានដុល្លារ ហើយវាគឺជាជំហានដ៏ធំមួយ ឆ្ពោះទៅរក​ការ​ធ្វើកំណែ​ទម្រង់​ផ្នែកពន្ធដារ ដោយគ្មាន​ការគាំទ្រពី​គណបក្សប្រជាធិបតេយ្យ​នោះឡើយ។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧។

ការបោះឆ្នោតអនុម័តខាងលើនេះ គឺបានទទួលបានសំឡេងគាំទ្រ ៥១សំឡេង ទល់នឹង ៤៩សំឡេង ដោយសមាជិក​គណបក្ស​សាធារណរដ្ឋ​ទាំងអស់ បានសម្រេច​លើកញ្ចប់ថវិកា ដែលអាចបំពេញ​​ទៅតាមគំរោង​បង់ពន្ធ របស់ពួកគេ​បន្ថែមរហូតដល់ទៅ ១.៥ពាន់ពាន់​លានដុល្លារ ឆ្លើយតប​ទៅ​នឹង​ឱនភាពរយៈពេល​មួយទសវត្សរ៍។ ប្រការនេះ​នឹងនាំទៅ​រកការអនុម័តកំណែ​ទំរង់ពន្ធដារ រៀបចំឡើង​ដោយបក្ស​សាធារណរដ្ឋ ដោយមិនចាំបាច់​​មានការគាំទ្រ ពី​បក្ស​ប្រជាធិបតេយ្យនោះ​ឡើយ។

គួរបញ្ជាក់ថា ថវិកាជាតិដែល​ត្រូវបានសម្រេចនាពេលនេះ គឺត្រូវបានកំណត់​ដោយយោង​ទៅលើ​កម្រិតនៃការចំណាយក្នុងសារពើពន្ធឆ្នាំ២០១៧ ប៉ុន្តែវាតម្រូវឲ្យមាន​ការកាត់បន្ថយ​នៅក្នុង​ការចំណាយ​មិនមែនយោធា នៅក្នុងរយៈពេលមួយទសវត្សរ៍​ រហូតដល់ឆ្នាំ២០២៧។ ថវិកាដែលត្រូវបាន​បង្កើននោះ គឺទៅលើវិស័យការពារជាតិ សម្រាប់រយៈពេល ១០ឆ្នាំទៅមុខ​នេះ​តែម្តង ដោយការសម្រេចចុងក្រោយនៅក្នុងព្រឹទ្ធសភា នឹងត្រូវធ្វើឡើង​នៅដើមខែវិច្ឆិកា៕