(សេអ៊ូល)៖ រដ្ឋាភិបាល​កូរ៉េខាងត្បូង នឹងគោរពតាម​លទ្ធផល​នៃការជជែកដេញ​ដោល​ជាសាធារណៈ ពាក់ព័ន្ធនឹង​ជោគវាសនា ម៉ាស៊ីន​រ៉េអាក់ទ័រនុយក្លេអ៊ែរថ្មី​ចំនួនពីរ​ បន្ទាប់ពីមាន​អនុសាសន៍ជាច្រើន ឱ្យបើក​ដំណើរការសាងសង់​ រ៉េអាក់ទ័រនុយក្លេអ៊ែរ​ឡើងវិញ។ នេះបើតាមព័ត៌មានពី​វិមានប្រធានាធិបតី​កូរ៉េខាងត្បូង ជឹង វ៉ា ដេ (Cheong Wa Dae) ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មាន អ្នកនាំពាក្យ​វិមានប្រធានាធិបតី​កូរ៉េខាងត្បូង លោក ផាក ស៊ូយុន (Park Soo-hyun) បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «វិមាន Cheong Wa Dae នឹងគោរពតាម​ឆន្ទៈរបស់ គណៈកម្មាការ​ជជែកដេញដោល​សាធារណៈ ដែលបាន​ផ្ដល់អនុសាសន៍​លើកិច្ចដំណើរការឡើងវិញនូវ រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ទាំងពីរ ក្រោយការពិចារណា​អស់រយៈពេលជាង ៣ខែមកនេះ។ ក៏ប៉ុន្តែទន្ទឹមគ្នា រដ្ឋាភិបាលនឹង​ខិតខំប្រឹងប្រែង​ឱ្យអស់ពី​លទ្ធភាព ក្នុងការតាមដាន​ក៏ដូចជាអនុវត្តន៍​វិធានការ ដោយគ្មាន​បង្កការរំខាន​ផ្អែកលើ​អនុសាសន៍»

គួររំលឹកថា បើគេចាំមិនភ្លេចទេនៅអំឡុងយុទ្ធនាការ​ឃោសនាបោះឆ្នោត​ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន ធ្លាប់បាន​សន្យាថា នឹងលុបបំបាត់​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ទំាងពីរ ដែលជា​ផ្នែកមួយនៃ​ការចូលរួម​លុបបំបាត់ អាវុធនុយក្លេអ៊ែរ​នៅលើ​ឧបទ្វីបកូរ៉េ។ ការសាងសង់​រ៉េអាក់ទ័រទាំងពីរ​នេះគឺ Shin Kori-5 និង Shin Kori-6 បានបញ្ចប់ជាង ៣០ភាគរយ មុននឹងត្រូវ​ផ្អាកកាលពីខែកក្កដា ខណៈលុយ​ជាង ១,៤ពាន់លានដុល្លារ ត្រូវបានចំណាយសម្រាប់​គំរោងនេះ៕