(តូក្យូ)៖ ព្រះចៅអធិរាជ​ជប៉ុន អាគីហីតុ (Akihito) ទំនងជានឹង​ដាក់រាជ្យនៅ​ចុងខែមីនា ឆ្នាំ២០១៩ ហើយព្រះបុត្រា​ស្នងរាជ្យ ណារុហ៊ីតុ (Naruhito) ត្រូវគេរំពឹងថា នឹងឡើងគ្រងរាជ្យ​សម្បតិ្ត​បន្តនៅខែ​មេសាបន្ទាប់។ នេះបើតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មានជប៉ុន Asahi ដកស្រង់​ដោយសារព័ត៌មាន​ Channel News Asia នៅព្រឹក​ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧។

ព្រះអង្គ Akihito ដែលមានព្រះ​ជន្មាយុ ៨៣ព្រះវស្សា និងធ្លាប់បានឆ្លងកាត់​ការវះកាត់បេះដូង ក៏ដូចជាទទួល​ការព្យាបាលជំងឺ​មហារីកនោះ បានបង្ហើប​​ឲ្យ​ដឹងកាលពី​ឆ្នាំមុនថា ព្រះអង្គមាន​ព្រះទ័យព្រួយបារម្ភ​ថា ព្រះជន្ម​របស់​ព្រះអង្គ ប្រហែលជា​អាចជះផលវិបាក​ខ្លាំងដល់ទ្រង់ ក្នុងការបំពេញ​​ព្រះរាជកិច្ច​តទៅមុខទៀត។ បើតាមប្រភពខាងលើ ព្រះចៅអធិរាជ​ជប៉ុនអង្គនេះ នឹងត្រូវស្នង​រាជ្យ​សម្បត្តិ​ដោយ ព្រះ​អង្គ​​ម្ចាស់ Naruhito ជាព្រះបុត្រាច្បង​របស់ទ្រង់ ដែល​មាន​ព្រះ​ជន្ម​ ៥៧​ព្រះ​វស្សា ហើយ​យុគសម័យថ្មី នឹងចាប់ផ្តើមឡើង​ពី​ដើមខែមេសា ឆ្នាំ២០១៩។

បើតាមការអះអាង​របស់សារព័ត៌មាន Asahi កាលបរិច្ឆេទ​ដែលត្រូវគេ​រំពឹងទុកនេះ នឹងមិនបង្កផល​ប៉ះពាល់ខ្លាំងដល់​ប្រជារាស្រ្ត ក្នុងការ​ផ្លាស់ប្តូរ​ទៅកាន់រជ្ជកាល​អធិរាជថ្មី​មួយទៀត ពីសម័យកាល​គ្រប់គ្រង​បច្ចុប្បន្ន Heisei Era ដែលបានចាប់​ផ្តើមកាលពីឆ្នាំ១៩៨៩ ក្រោយ​ការសោយទិវង្គត​របស់ទ្រង់ ហីរូហីតុ (Hirohito) ព្រះបិតារបស់​ព្រះចៅអធិរាជ្យ Akihito ឡើយ។

គួរបញ្ជាក់ថា វានឹងក្លាយជាការ​ដាក់រាជ្យលើកដំបូងបង្អស់​ដោយព្រះចៅអធិរាជ្យ​ជប៉ុន នៅក្នុងអំឡុង​ពេលជិត០២សតវត្សរ៍​មកនេះ៕