(សិង្ហបុរី)៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀន លូង​ (Lee Hsien Loong) បាននិយាយថា លោកបានត្រៀម​ខ្លួនរួចរាល់ហើយ​ ក្នុងការចុះចេញពីមុខតំណែង​ជាមេដឹកនាំប្រទេស​សិង្ហបុរី ហើយថា អ្នកបន្ត​វេនពីលោកក៏ទំនង​ជាត្រៀមខ្លួន​រួចដែរ ដើម្បីដឹកនាំ​គណៈរដ្ឋមន្ត្រី។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅ​ព្រឹកថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧។

លោក Lee Hsien Loong ថ្លែងបែបនេះ​នៅក្នុងបទសម្ភាសន៍​ ជាមួយស្ថានីយ៍​ទូរទស្សន៍​អាមេរិក CNBC កាលពី​ថ្ងៃព្រហស្បតិ៍។ ព្រមពេលជា​មួយគ្នា​នោះដែរ ឆ្លើយតប​ទៅនឹង​សំណួរដែល សួរថា តើលោក​បានត្រៀម​ខ្លួន ចុះចេញពីតំណែង​នៅប៉ុន្មានឆ្នាំខាង​មុខទៀត ឬទេ? លោកនាយរដ្ឋមន្រ្តី​សិង្ហបុរី​រូបនេះ បានបញ្ជាក់​យ៉ាង​ខ្លីដូច្នេះថា «ខ្ញុំត្រៀមខ្លួនរួចហើយ... អ្វីដែលខ្ញុំត្រូវការធ្វើឱ្យ វាប្រាកដគឺ​មានអ្នកនឹងមក​ជំនួសតំណែង​របស់ខ្ញុំ ហើយអ្នក​បន្តវេនពីខ្ញុំត្រូវតែ​ត្រៀមខ្លួន​បន្តតំណែង​ពីខ្ញុំ បន្ទាប់ពីការ​បោះឆ្នោត​សកល»

គួរបញ្ជាក់ថា បទសម្ភាសន៍​រវាង លោក Lee Hsien Loong និងស្ថានីយ៍​ទូរទស្សន៍​អាមេរិក CNBC កើតមានឡើង​មុនពេលលោក​ ត្រូវបំពេញដំណើរ​ទស្សនកិច្ច​ទៅកាន់​សហរដ្ឋអាមេរិក ពីថ្ងៃ ទី២២ ដល់ថ្ងៃទី២៦ ខែតុលា ខាងមុខនេះតបតាម​ការអញ្ជើញ​របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ៕