(វ៉ាស៊ីនតោន)៖ កងទ័ពជើងទឹក​អាមេរិក​នាពេលថ្មីៗនេះ បានបាញ់ធ្វើ​តេស្តមីស៊ីល Standard Missile-6 (SM-6) ចេញពី​នាវាពិឃាដមួយគ្រឿង ដែល​មានបំពាក់ប្រព័ន្ធបាញ់ស្ទាក់​មីស៊ីល​ផ្លោង Aegis។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅ​ព្រឹក​​ថ្ងៃ​អង្គារ​ ទី១៧ ខែតុលា ឆ្នាំ២០១៧។

បើតាមសេចក្តី​ប្រកាស​ព័ត៌មានរបស់​កងទ័ពជើងទឹក​អាមេរិក កាលពី​ថ្ងៃទី១៥ ខែតុលា ពោលគឺប៉ុន្មាន​ថ្ងៃមុននេះ កង​នា​វិក​រួម​​ទាំង​ក្រុម​ជំនាញ​​មក​ពី​ទីភ្នាក់​ងារ​​ការពារមីស៊ីល​អាមេរិក នៅ​លើ​នាវាពិឃាត USS McFaul បានបាញ់​សាកល្បង​មីស៊ីល SM-6 ដោយ​ជោគជ័យ ប៉ុន្តែយោធា​អាមេរិក​មិនបាន​បញ្ជាក់ថា មីស៊ីលនេះ​បានចាប់ស្ទាក់​គោលដៅ​ណាមួយ​ដែរ ឬក៏អត់ឡើយ។

ដោយឡែក​សម្រាប់​មីស៊ីល SM-6 ដែលត្រូវបាន​ធ្វើតេស្ត​នៅក្នុងមហាសមុទ្រ​ប៉ាស៊ីហ្វិក កាលពីអំឡុង​ខែសីហា​កន្លងទៅ ចេញពី​នាវាចម្បាំង USS John Paul Jones វិញនោះ បានកម្ចាត់ការគំរាមកំហែងមីស៊ីលផ្លោងដោយជោគជ័យ។ គួរបញ្ជាក់ថា SM-6 គឺជាប្រភេទ​មីស៊ីលតែមួយគត់លើ​លោក ដែលមាន​សមត្ថភាពប្រឆាំង​នឹងគោលដៅ ទាំង​នៅលើអាកាសផង, នៅលើ​គោកផង, និងចាប់ស្ទាប់​មីស៊ីលផ្លោង​ផង។

នាឱកាសនោះ ក្រៅពីការធ្វើ​តេស្តបាញ់មីស៊ីលនេះ សម្ព័ន្ធមិត្ត​អង្គការ NATO ក៏បានរួមគ្នាធ្វើ​សមយុទ្ធការពារ​ខ្លួន ដែលមាន​ឈ្មោះថា «Formidable Shield» ផងដែរ ដែលមានការ​ចូលរួមពី​កងទ័ពច្រើន​ជាង ៣,៣០០នាក់ មកពីប៊ែលហ្សិក អាល្លឺម៉ង់ អ៊ីតាលី បារាំង ដាណាម៉ាក, កាណាដា, ហូឡង់, អេស៉្បាញ, និងចក្រភព​អង់គ្លេស ព្រមទាំងវត្ត​មាន​នាវាចម្បាំងចំនួន ១៤គ្រឿង នៅភាគខាងលិច​​​ប្រទេស​ស្កុតឡែន៕