(សេអ៊ូល)៖ អាជ្ញាធរ​កូរ៉េខាងត្បូង​បានឱ្យដឹងថា ពួកគេបានប្រទះឃើញ​ផ្ទាំងរូបភាព និងខិតប័ណ្ណ​ផ្សព្វផ្សាយ​ជាច្រើន នៅតាមតំបន់​មួយចំនួន​ក្នុងទីក្រុងសេអ៊ូល​ ដែលបង្ហាញពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់​ ត្រាំ​ ត្រូវគេកាត់​ក្បាល រីឯវិមានកាពីតូល​របស់​សហរដ្ឋអាមេរិក ត្រូវបានបំផ្លាញ​ដោយ​គ្រាប់មីស៊ីល​។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧។

បើទោះជាគេ​មិនអាច​បញ្ជាក់ថា ខិតប័ណ្ណ​ទាំងនេះ​មានប្រភពមកពីណាឱ្យប្រាកដ តែគេជឿជាក់ថា វាអាចជាស្នាដៃ​របស់​កូរ៉េខាងជើង។ ពោលគឺនៅលើ​ខិតប័ណ្ណ​មួយចំនួនបង្ហាញ​ពីទាហាន​កូរ៉េខាងជើងម្នាក់ ដៃម្ខាងកាន់​ភ្លើងយក​ជើងជាន់ លោក ដូណាល់ ត្រាំ រហូត​ដល់ស្លាប់ ហើយនៅក្នុង​ផ្ទំាងរូបខ្លះទៀត គេឃើញ​រូបគំនូរលោក ត្រាំ ជាសត្វឆ្កែពាំគ្រាប់​មីស៊ីល នៅពេលលោក ថ្លែងសុន្ទរកថា គំរាមកម្ទេច​កូរ៉េខាងជើង​ឱ្យក្លាយទៅជាផេះ​នៅវេទិកា UN ខណៈបុរសពីរ​នាក់នៅក្នុង​រូបភាពនោះ បាននិយាយ​ទាំងភ័យ​ខ្លាចថា «គាត់ (លោក ត្រាំ) គឺជាមនុស្ស​ឆ្កួត​ហើយ បើយើងបណ្ដាយ​ឱ្យគាត់ធ្វើ​បែបនេះ នោះសង្រ្គាម​នឹងផ្ទុះឡើង»។ ចំណែកឯ​នៅក្នុងផ្ទំាងរូបភាព​មួយផ្សេងទៀត គឺបង្ហាញពីវិមាន​កាពីតូលអាមេរិក ត្រូវបានគ្រាប់​មីស៊ីលបំផ្លាញ ជាមួយនឹង​ពាក្យស្លោក «នេះគឺជាចម្លើយ​របស់ពួកយើង»។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរ​កូរ៉េខាងត្បូង ខិតប័ណ្ណ និងផ្ទាំងរូបភាពទាំងនេះ មានប្រភពមក​ពីកូរ៉េខាងជើង​ តាមរយៈការបង្ហោះ​បាឡុង ក្នុងចេតនាគំរាម​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក ដែល​កំពុងដឹកនាំសមយុទ្ធយោធា​សមុទ្ររួមគ្នា កំញើញ​ទីក្រុងព្យុងយ៉ាង៕