(ហាណូយ)៖ អាជ្ញាធរ​វៀតណាម​បាននិយាយថា ពួកគេបានសម្រេចចិត្ត​ជ្រើសយកថ្ងៃទី១០ ខែធ្នូ ជាថ្ងៃប្រារព្ធ​ទិវាកាហ្វេ (Vietnam Coffee Day) ហើយដែល​ទិវានេះនឹង​ត្រូវប្រព្រឹត្តទៅជាលើកដំបូងពី​ថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូខាងមុខនេះ នៅឯទីក្រុង ដាឡាត់ (Da Lat) នៃខេត្ត ​ឡាំដុង (Lam Dong)។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧។

ព្រឹត្តិការណ៍ដែល​មានរយៈពេលបី​ថ្ងៃនេះ នឹងដំណើរការ​ទៅដោយបញ្ចូល​ទាំង ពិធីសម្ពោធ​ហាងកាហ្វេមួយ នៅជុំវិញបឹង Xuan Huong ដែលនឹងមាន​ដាក់តាំងផលិត​ផល​កាហ្វេជាច្រើន ក្នុង គោលបំណង​បង្ហាញពី​ការរីកចំរើន នៃឧស្សាហកម្មវៀតណាម និងការប្រើប្រាស់​បច្ចេកវិទ្យាផលិត​កាហ្វេចុងក្រោយ​បំផុត នៅក្នុងខេត្ត Lam Dong។ ខេត្ត Lam Dong ស្ថិត​នៅតំបន់ ភាគកណ្ដាល​ប្រទេសវៀតណាម មានផ្ទៃដីដាំ​កាហេ្វ ៤៥០,០០០ហិចតា ឬស្មើនឹង ៩០ភាគរយ នៃផ្ទៃដីដាំកាហ្វេ​សរុបទូទាំង​ប្រទេស។

គួរបញ្ជាក់ថា បើតាមក្រសួង​កសិកម្មវៀតណាម ទីក្រុងហាណូយ​បាននាំចេញកាហ្វេ ១.១លានតោន ឬ ២.៥ពាន់លានដុល្លារ គិតត្រឹមរយៈពេល ០៩ខែ ដំបូងក្នុងឆ្នាំ២០១៧នេះ ហើយអាត្រា​នេះធ្លាក់ចុះអស់ ២០.៥ភាគរយ បើគិតជាបរិមាណ ប៉ុន្តែកើន​ឡើង ១.៣ភាគរយ បើគិតជាតម្លៃ ធៀបទៅនឹងរយៈពេល​ដូចគ្នាកាល​ពីឆ្នាំ២០១៦៕