(បាសេឡូណា)៖ បើតាមលិខិត​មួយផ្ញើទៅកាន់រដ្ឋាភិបាល​ទីក្រុងម៉ាឌ្រីត មេដឹកនាំ​កាតាឡាន​ លោក ខាឡែស ភីកដឺម៉ុន (Carles Puigdemont) មិនបានផ្តល់​ចម្លើយ​ជាក់លាក់​ថា តើតំបន់ Catalonia បានប្រកាស​ឯករាជ្យភាពដែរ ឬក៏អត់នោះឡើយ ក៏ប៉ុន្តែបានបង្ហាញ​ចេតនា ចង់​ជួបចរចា​ជាមួយ​មេដឹកនាំ​អេស៉្បាញទៅវិញ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន CNBC នៅរសៀល​ថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧។

លិខិត​ខាងលើ ដែលត្រូវបានផ្ញើ​នៅពេល ០២ម៉ោង មុនវេលា​កំណត់​ដែលដាក់​ចេញពី​ទីក្រុងម៉ាឌ្រីត​​នោះ បានបញ្ជាក់​សាជាថ្មីម្តង​ទៀត អំពីសំណើចង់ជួបសន្ទនា​ជាមួយនាយករដ្ឋមន្រ្តី​អេស៉្បាញ លោក ម៉ារីយ៉ាណូ រ៉ាហ្សយ (Mariano Rajoy) ឲ្យបានឆាប់តាម​តែអាចធ្វើ​ទៅបាន ដើម្បីជជែកអំពី​ស្ថានការណ៍​នៅក្នុងតំបន់ Catalonia ហើយថែម​ទាំងបានលើក​ឡើងថា កិច្ចចរចា​គួរតែធ្វើឡើង​នៅក្នុង​ពេល ០២ខែខាងមុខ។

គួរបញ្ជាក់ថា កាលពី​សប្តាហ៍មុន រដ្ឋាភិបាលអេស្ប៉ាញបានទុក​ពេលមួយអាទិត្យ ដើម្បីឲ្យមេដឹកនាំកាតាឡាន​បញ្ជាក់ឲ្យបានច្បាស់ អំពីជំហរ​លើ​​ឯករាជ្យនៃ​តំបន់ស្វយ័តនេះ។ ដោយឡែក នៅក្នុងករណី​ដែល លោក Puigdemont បានសម្រេច​ប្រកាសឯករាជ្យ​នាថ្ងៃចន្ទនេះ​វិញនោះ លោកនឹងត្រូវ​ទុកពេលឲ្យ ០៣ថ្ងៃ ទៀតក្នុងការពិចារណា​ក៏ដូចជាកែ​តម្រូវ ការសម្រេចចិត្តនេះ​ឡើងវិញ ហើយបើនៅ​តែចចេសទៀតនោះ លោក Rajoy បានបញ្ជាក់​ធ្ងន់ៗថា រូបលោកត្រៀម​​លក្ខណៈ​ជាស្រេច ដើម្បីប្រើប្រាស់​មាត្រា ១៥៥នៃ រដ្ឋធម្មនុញ្ញអេស៉្បាញ ដែលនឹងអនុញ្ញាត​ឲ្យ​លោក​ទម្លាក់រដ្ឋបាល​តំបន់ស្វយ័តនេះចោល ហើយអំពាវឲ្យ​មានការបោះ​ឆ្នោតជាថ្មី៕