​(បាសេឡូណា)៖ អ្នកនយោបាយ​ជាន់ខ្ពស់អឺរ៉ុប ក្នុងនោះរួមមាន​ទាំងតំណាងរាស្ត្រ​សភាអឺរ៉ុប បានថ្កោលទោស​យ៉ាងខ្លាំង​ចំពោះប៉ូលិសអេស្ប៉ាញ សម្រាប់ការប្រើប្រាស់​កម្លាំងដោយហិង្សា ប្រឆាំងនឹងហ្វូង​អ្នកបោះឆ្នោត​ប្រជាមតិ​ប្រកាសឯរាជ្យ​របស់តំបន់ Catalonia ខណៈសហភាពអឺរ៉ុប និង​គណៈកម្មការអឺរ៉ុប មិនទាន់បញ្ចេញប្រតិកម្ម​អ្វីជាដុំកុំភួន​នៅឡើយទេ។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០១៧។ 

ថ្លែងនៅក្នុង​សេចក្ដីថ្លែងការណ៍​របស់ខ្លួន ក្រុមតំណាងរាស្ត្រអឺរ៉ុប បានលើក​ឡើងយ៉ាងដូច្នេះថា «យើងកំពុងតាមដាន​ការវិវឌ្ឍន៍​ស្ថានភាព​នៅក្នុងតំបន់ Catalonia ជាមួយក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង ទាក់ទិននឹង​ការប្រើប្រាស់​អំពើហិង្សា ដោយប៉ូលិសប្រឆាំង​នឹងអ្នកបោះឆ្នោត​ដោយសន្តិវិធី ហើយដែលនេះ​គឺជាកំហុសមួយ​របស់រដ្ឋាភិបាល​ទីក្រុងម៉ាឌ្រីត... ដូច្នេះគណៈកម្មការ​អឺរ៉ុប​មិនអាចបន្ត បិទភ្នែកចំពោះស្ថានភាព​ក្នុងតំបន់ Catalonia ហើយយើងជំរុញ​ឱ្យគណៈកម្មការអឺរ៉ុប លើកកម្ពស់កិច្ចសន្ទនានិងធ្វើជាអ្នកសម្របសម្រួល»។

ជុំវិញការបោះឆ្នោតដ៏ចម្រូងម្រាស​​នេះដែរ អាជ្ញាធរ Catalonia បានអះអាងថា ៩០ភាគរយ នៃប្រជាជន​ច្រើនជាង ២.២៦លាននាក់ ដែលបានចូលរួម​ក្នុងការបោះឆ្នោត​ប្រជាមតិ​របស់តំបន់ Catalonia កាលពីថ្ងៃអាទិត្យ បានបោះឆ្នោតគំាទ្រ​ការប្រកាសឯករាជ្យ ហើយមេដឹកនាំ​តំបន់មួយនេះ គឺលោក ខាឡែស ភីកដឺម៉ុន (Carles Puigdemont) ក៏បានសន្យា​ដែរថា នឹងប្រកាស​ឯករាជ្យឯកភាគី បើទោះជា​មានការជំទាស់​ពីសំណាក់ រដ្ឋាភិបាលទីក្រុងម៉ាឌ្រីត​ក៏ដោយ ព្រោះខ្លួនទទួល​សិទ្ធិបង្កើត​រដ្ឋហើយ។

គួរបញ្ជាក់ថា កាលពី​ថ្ងៃអាទិត្យ រដ្ឋាភិបាល Catalonia បានដំណើរការរៀបចំ​ការបោះឆ្នោត​ប្រកាសឯករាជ្យ​ពីប្រទេសអេស្ប៉ាញ ដែលជំទាស់យ៉ាងខ្លាំង​នឹងការបោះឆ្នោត​នេះដោយចាត់ទុកថា «វាគឺរឿង​ខុសច្បាប់»។ ដូច្នេះហើយទើប កាលពីថ្ងៃម្សិលមិញ អាជ្ញាធរអេស្ប៉ាញ បានចាត់វិធានការ​ក្ដៅបិទការិយាល័យបោះឆ្នោត និងបានប្រើអំពើ​ហិង្សាលើក្រុមអ្នកគាំទ្រ​ការបោះឆ្នោតនេះ បង្កឱ្យមានអ្នក​រងរបួស ៨៤៤នាក់។ ក៏ប៉ុន្តែអាជ្ញាធរ Catalonia បានអះអាងថា ៩៦ភាគរយ នៃការិយាល័យ​បោះឆ្នោត នៅតែអាចដំណើរសម្រាប់ការ​បោះឆ្នោតដដែល ខណៈពួកគេ​បានស្នើឱ្យ សហភាព​អឺរ៉ុបឆ្លើយតបនឹង​ការរំលោភសិទ្ធិមនុស្ស នៅអំឡុងការបោះឆ្នោត​ប្រជាមតិ៕