(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាស​អាមេរិក NASA បានធ្វើការផ្លាស់ប្តូរ​ កាលបរិច្ឆេទ​សម្រាប់ការបង្ហោះ​កែវយឺតអវកាស James Webb ពីពេលកំណត់នៅខែតុលា ឆ្នាំ២០១៨ ទៅកាន់ពេលវេលាថ្មីមួយទៀត គឺចន្លោះ​ខែមីនា និងមិថុនា ឆ្នាំ២០១៩ វិញ។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី វែបសាយវិទ្យាសាស្រ្ត Space Daily នៅព្រឹក​ថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០១៧។

អង្គការ NASA បានសេចក្តី​ប្រកាសខាងលើ នៅទីស្នាក់ការ​ក្នុងរដ្ឋធានីវ៉ាស៊ីនតោន​ថា «ការប្រែប្រួល​នៃកាលបរិច្ឆេទ​កំណត់ នៃការ​បាញ់​បង្ហោះ​​កែវ​យឺតអវកាស ដែលមានអនុភាព​ជាងគេបំផុតនោះ គឺមិនមែនដោយសា​រតែមានបញ្ហា Hardware ឬក៏បច្ចេកទេស​ឡើយ​។ ផ្ទុយ​​ទៅ​វិញ ការដាក់ឲ្យដំណើរ​ការរួមបញ្ចូលគ្នា នៃសមាសធាតុ​ផ្សំខុសៗគ្នា របស់កែវយឺតអវកាស​នេះ កំពុងតែត្រូវការ​ពេលវេលា យូរជាង​អ្វី​ដែល​បានរំពឹងទុក​»។

កិច្ចព្រមព្រៀង​អន្តរជាតិមួយ ជាមួយទីភ្នាក់ងារ​អវកាសអឺរ៉ុប ESA បានទាមទារ​​ឲ្យអង្គការ NASA វិភាគទៅលើការត្រៀមខ្លួនបាញ់​បង្ហោះ របស់កែវយឺតនេះ នៅមួយឆ្នាំមុនកាលបរិច្ឆេទកំណត់ សម្រាប់ការចាប់ផ្តើមបេសកកម្ម ហើយការវាយតម្លៃ បានបង្ខំឲ្យក្រុមមន្រ្តីពាក់​ព័ន្ធ​​ ​ធ្វើការពិចារណា​ផែនការពួកគេឡើងវិញ និងទីបំផុតក៏បានជំរុញឲ្យ NASA សម្រេចពន្យាពេល​សម្រាប់ការ​បាញ់បង្ហោះ កែវយឺតអវកាស James Webb (JWST) ជាថ្មីម្តងទៀត។

គួរបញ្ជាក់ថា JWST គឺជាអ្នកស្នង​តំណែងបេសកកម្ម នៃកែវយឺត​អវកាស Hubble ដ៏ចំណាស់ ដែលត្រូវបានបង្កើតឡើង កាលពីឆ្នាំ​១៩៩៦ម្ល៉េះ។ ដោយឡែកកាលពី​ពេលកន្លងទៅ គម្រោង JWST ត្រូវបានរៀបចំសាឡើងវិញ​ជាច្រើនដង​មកហើយ ដោយរាល់លើក​​​កាលបរិច្ឆេទ​កំណត់នៃការបាញ់បង្ហោះ ត្រូវបានពន្យាពេល​រហូត រួមមានពី​ឆ្នាំ២០១១ ទៅឆ្នាំ២០១៣, ពីឆ្នាំ២០១៥ ទៅឆ្នាំ២០១៨, និង​​ឥឡូវនេះ​លើកទៅដល់​ឆ្នាំ២០១៩៕