(ម៉ូស្គូ)៖ ទីក្រុងម៉ូស្គូ​ប្រហែលជានឹង​​ពិចារណា ចាត់វិធានការ​សងសឹងទៅវិញ ប្រសិនបើទីក្រុង​វ៉ាស៊ីនតោន នៅតែបន្តដាក់​សម្ពាធ ​​ឬធ្វើទុក្ខបុកម្នេញ​លើបណ្តាញសារព័ត៌មាន​រុស្ស៊ី ដែលកំពុង​បំពេញ​ប្រតិបត្តិការ នៅក្នុងទឹកដី​សហរដ្ឋអាមេរិក។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០១៧។

អ្នកនាំពាក្យ​ក្រសួងការ​បរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សេខារ៉ូវ៉ា (Maria Zakharova) បានថ្លែងថា «មនុស្សគ្រប់គ្នា​គួរតែយល់ថា ប្រសិនបើពួកគេ​​បង្កើត​​លក្ខ​​ខណ្ឌ​ ដែលធ្វើ​ឲ្យក្រុមអ្នក​កាសែត ប្រឈមមុខ​នឹងការគំរាមកំហែង​ផ្លូវកាយនោះ ឬប្រសិនបើ​ភ្នាក់ងារសារព័ត៌មាន​ទាំងនោះ ទទួល​រងការ​គំហែងហែង ដោយសារតែ​សកម្មភាព​បំពេញការងារ​របស់ពួកគេ ចំណាត់ការសងសឹក​ឆ្លើយតប​ផ្សេងៗ នឹងត្រូវដាក់ចេញ​ជាក់​ជាពុំខាន ហើយវាពុំមែន​ជាជម្រើសរបស់​យើងឡើយ»

គួរបញ្ជាក់ថា ក្រសួងយុត្តិធម៌​អាមេរិក បានស្នើឲ្យប្រព័ន្ធ​ផ្សព្វផ្សាយ Russia Today (RT) ដែលស្ថិតក្រោម​ការគ្រប់គ្រងរបស់​រដ្ឋាភិបាល​​រុស្ស៊ី ធ្វើការចុះឈ្មោះ​សាខាការិយាល័យ​របស់ខ្លួន នៅក្នុង​សហរដ្ឋអាមេរិក ជាទង្វើដែល​ទីក្រុងម៉ូស្គូ​ចាត់ទុកថា​ «មិនត្រឹមត្រូវ»។ ម៉្យាងវិញ​ទៀតបើតាម​លោកស្រី Zkharova អាជ្ញាធរ​អាមេរិក ក៏កំពុងតែ​ដាក់គោលដៅ​ទៅលើទីភ្នាក់ងារ​ព័ត៌មានរដ្ឋ Tass និងកាសែត​ក៏​ដូច​ជា​អ្នកសារព័ត៌មាន​ដទៃទៀត​របស់រុស្ស៊ី​ផងដែរ ក្រៅពី RT។

គួរជម្រាប​បន្ថែមថា ទីក្រុងវ៉ាស៊ីនតោន​បានចោទប្រកាន់​ទីក្រុងម៉ូស្គូ អស់រយៈពេលជា​ច្រើនខែមកហើយ ពីបទលូកដៃចូល​ក្នុងដំណើរ​ការបោះឆ្នោត​ ជ្រើសរើសប្រធានាធិបតី​អាមេរិក កាលពី២០១៦ ទោះបីជារុស្ស៊ី​បានបដិសេធជា​ដដែលៗ​យ៉ាងណាក្តី ចំពោះការចោទ​​ប្រកាន់ទាំងនេះ ខណៈ RT ស្ថិតនៅក្នុង​ចំណោមស្ថាប័ន​ព័ត៌មាន ដែលជាប់សង្ស័យថា បានជួសមុខ​ឲ្យវិមាន​ក្រឹមឡាំង ជួយ​ជ្រោម​ជ្រែង​​លោក ដូណាល់ ត្រាំ ដែលកាលនោះ​នៅត្រឹម​ជា​អតីតបេក្ខភាព​ប្រធានាធិបតី នៃបក្ស​សាធារណៈរដ្ឋតែប៉ុណ្ណោះ៕